ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងយកទឹកត្នោតបាក់បង្អោងឫស្សីធ្លាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់វ័យជាង២០ឆ្នាំបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលកំពុងឡើងដើមត្នោត ចៃដន្យស្រាប់តែបាក់បង្អោងឫស្សី បណ្តាលឲ្យតាំងពីលើចុងត្នោតកម្ពស់ជាង៩ម៉ែត្រ ធ្លាក់មកដី បាក់ចង្កេះ បាក់ជើង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយវត្តជន្លង់ម្លូរ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានថ្លែងថា ជនរងគ្រោះឈ្មោះ ណាក់ ណុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ឡើងត្នោត មានប្រពន្ធឈ្មោះ ផល ចាន់នី អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុស២នាក់ក្នុងបន្ទុក ស្នាក់នៅ រោងលក់ទឹកត្នោតជូរ ក្បែរបញ្ជាការដ្ឋានកងទ័ពជើងអាកាស ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិបាគ្រង ឃុំគោករវៀង ស្រុកបាធេយ្យ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យនគរវត្តដឹងថា នៅពេលដែលរដូវឡើងត្នោត ជនរងគ្រោះនាំទាំងគ្រួសារ កូនចៅមកស្នាក់នៅសង់រោងលក់ទឹកត្នោតជូរ នៅក្នុងភូមិកន្ទោកត្បូង រៀងរាល់រដូវឡើងត្នោត ហើយមុនពេលកើតហេតុ ជនរងគ្រោះ ចេញមកពីរោងលក់ដូរ មកឡើងត្នោតយកទឹក ដូចសព្វថ្ងៃ តែជាអកុសល ថ្ងៃនេះជនរងគ្រោះជួបហេតុការណ៍នេះតែម្តង។

តាមប្រភពបានឲ្យដឹងថា រាល់ពេលព្រឹក និងពេលល្ងាច ឃើញជនរងគ្រោះ មកឡើងដើមត្នោត ដើម្បីយកទឹករាល់ថ្ងៃ លុះនៅព្រឹកកើតហេតុ ជនរងគ្រោះជិះម៉ូតូ មកឡើងត្នោតដូចសព្វដង ខណៈដែលឡើងជើងដល់លើចុងហើយ នៅកម្ពស់ប្រហែល៩ម៉ែត្រ ស្រាប់តែ បាក់បង្អោងឫស្សី ធ្លាក់ជនរងគ្រោះមកដី បណ្តាលឲ្យរងរបួសធ្ងន់ តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖