ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីក្នុងវង់តែមួយ មានទំនាស់តិចតួច ទាញកាំបិតប៉័ងតោកាប់គេរបួស នគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនដៃដល់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួនជាមួយវត្ថុតាងកាំបិតប៉័ងតោ១ដើម បន្ទាប់ពី ប្រើហិង្សាទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះម្នាក់ក្នុងវង់ផឹកស៊ី ចំកំភួនដៃ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល នៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍ទាស់គ្នាបង្កជាហិង្សាក្នុងវង់ផឹកស៊ីនេះ បានកើតឡើងនៅម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងដីឡូត៍គ្មានលេខ ភូមិព្រែកធំ១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះមៀច សុផា ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ជាង មករា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

តាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រា ជាមួយមិត្តភក្តិ នៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះមកពីស្រែ បានចូលផឹកស្រាជាមួយជនសង្ស័យដែរ។ ផឹកស៊ីបានមួយសន្ទុះស្រាប់តែជនរងគ្រោះនិងជនដៃដល់មានទំនាស់គ្នា ហោះយជនសង្ស័យ បានស្ទុះទៅយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ត្រូវកំភួនដៃខាងឆ្វេង បណ្តាលឲ្យរងរបួសតែម្តង។បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាល នៅគ្លីនិកឯកជនមួយនៅម្តុំផ្សារគគីរ ។ចំណែកជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន រួមនឹងវត្ថុតាង កាំបិតបុ័ងតោ១ដើម យកមកប៉ុស្ត៍ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖