ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះប្រមាណជាង ៤០នាក់ ដាក់គោលដៅកណ្ដាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការត្រួតពិនិត្យបទល្មើសនានា ពិសេសទោចក្រយានយន្ត និងអាវុធជាតផ្ទុះ។
ប្រតិបត្តិការខាងលើចាប់ផ្ដើមធ្វើឡើងនៅវេលាម៉ោង៦ព្រលប់រហូតដល់យប់ជ្រៅបន្តិច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១០១ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ការដែលដាក់ពង្រាយកម្លាំងចម្រុះនៅគោលដៅខាងលើ ដើម្បីធ្វើការពិនិត្យបទល្មើសផ្សងៗភូមិឃុំមានសុវត្ថិភាព ប៉ុន្តែសំខាន់នោះគឺទោចក្រយានយន្ត និងអាវុធជាតផ្ទុះជាដើម។
លោកបន្តថា ជាលទ្ធផលរួម៖ កម្លាំងបានធ្វើការអប់រំជាក់ស្ដែងនៅនឹងកន្លែងដល់អ្នកបរ និងអ្នករួមដំណើរបានចំនួនច្រើន សរុបម៉ូតូចំនួន ៥២គ្រឿង ក្នុងនោះឃាត់ម៉ូតូបំពាក់ឧបករណ៍បច្ចេកទេសចំនួន ១០គ្រឿងទៀត រួមទាំងមនុស្សម្នាក់ផងដែរ ដោយសង្ស័យប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីនាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
លោកថាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ស្មាន ម៉ូស្តាហ្វា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន មានទីលំភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ហើយតម្រូវឲ្យអាណាព្យាបាលមកទទួលយកទៅផ្ទះវិញ ដោយធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សត្រឹមត្រូវ ដោយឡែកម៉ូតូទាំងចំនួន ១០គ្រឿង ដែលបានបំពាក់ឧករណ៍ដូចជា,បំពង់សុីមាំង ភ្លើងផ្សេងៗ។ល។ ត្រូវបានអប់រំហើយដោះប្តូរឧបករណ៍ទាំងជាក់ស្ដែងនៅកន្លែងសមត្ថកិច្ចភ្លាមៗផងដែរ៕ បឹុម ពិន