ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកមិនប្រយ័ត្នបុកអ្នកលក់នំបញ្ចុកសន្លប់ស្តូកនៅចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ៖អ្នកលក់នំបញ្ចុកម្នាក់បានសន្លប់ស្តូកស្តឹងនៅលើផ្លូវជាតិលេខ២ ដោយមូលហេតុម៉ូតូបុកពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះយកនំបញ្ចុកដើរឆ្លងផ្លូវជាតិទៅដាក់ឲ្យ ម៉ូយ។

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ យឹម បូរី ភេទប្រុស អាយុ៦០ឆ្នាំ។ ស្ត្រីម្នាក់បាននិយាយថា ជនរងគ្រោះជាអ្នកលក់នំបញ្ចុកហើយគាត់ដឹកនំបញ្ចុកតាមរ៉ឺម៉កកង់៣ដាក់ម៉ូយនៅទីនេះរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុនេះគាត់បានយកនំបញ្ចុកដាក់ឲ្យម៉ូយគាត់១កញ្ឆេររួចហើយ ក្រោយមកគាត់ក៏ឆ្លងផ្លូវទៅវិញ ស្រាប់តែក្មេងស្ទាវជិះម៉ូតូពីត្បូងមកមិនមើលមនុស្សឆ្លងផ្លូវទេក៏បុកគាត់ពេញទំហឹងតែម្តងបណ្តាលឲ្យដួលបោកក្បាលសន្លប់ស្តូកស្តឹង។

ភ្លាមៗនោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុឃាត់ម៉ូតូម៉ាកនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GI-9683។ សមត្ថកិច្ចបានប្រាប់ថា ក្រោយកើតហេតុម៉ូតូត្រូវបាននាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ ជន រងគ្រោះត្រូវបានរថយន្តសង្គ្រោះបង្អែកចាក់អង្រែក្រោមដឹកទៅកាន់មន្ទីរពេទ្យសហភាពខ្មែរសូវៀត៕ តាឡឹម


ចែករំលែក៖