ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បិទ​ផ្លូវ​ ខណៈ​តុលាការ​កំពូល​សវនាការ​រឿង​ក្ដី​លោក​ កឹម​ សុខា​

ចែករំលែក៖

ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​តុលា​ នេះ​ បិទ​ផ្លូវ​ ខណៈ​តុលាការ​កំពូល​ នឹង​ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ នឹង​ពុំ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​កំពូល​ ទេ​ ដើម្បី​ជំនុំជម្រះ​បណ្ដឹង​ប្រឆាំងនឹង​ដីកាសម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

មន្ត្រី​តុលាការ​កំពូល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាងថា​ សវនាការនេះ​គឺ​ជា​រឿង​មុន​អង្គសេចក្តី​ ដែល​ពុំ​ចាំបាច់មាន​វត្តមាន​ជនត្រូវចោទ​ ចូលរួម​សវនាការ​ក៏​បាន​ដែរ​ ពោលគឺ​មាន​ត្រឹម​វត្តមាន​ក្រុម​មេធាវី​គឺ​គ្រប់គ្រាន់​ ព្រោះ​សវនាការនេះ​សួរ​ដេញដោល​ពាក់ព័ន្ធ​តែ​អង្គ​ច្បាប់​ប៉ុណ្ណោះ​ ។

លោក​សំ​ សុគង់​ មេធាវី​មួយ​រូប​ការពារ​​ក្តី​លោក​កឹម​ សុខា​ ធ្លាប់​ថ្លែង​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ជា​តំណាង​មហា​អយ្យការ​។​

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី២៦ ខែកញ្ញា​ កន្លង​ទៅ​ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួន របស់ជនត្រូវចោទ ។​ ប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុ នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់លោក​ ទូច​ ថារិទ្ធិ​ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ បញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើងយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។

សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៉ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»។

សូមជម្រាបថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា ​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​ពាក្យ​សាលាឧទ្ធរណ៍​ ៕ចេស្តា


ចែករំលែក៖