ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសបុកគ្នាពេញទំហឹងរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងម៉ូតូបើកបញ្ច្រាសទិសគ្នា កាលពីនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វយរៀង។

សមត្ថកិច្ចនគរបាលឃុំស្វាយតាយានបានប្រាប់សារព័ត៌មាននគរវត្តថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះម៉ាន់ សុភាព អាយុ២៤ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាកហុងដា និចពណ៌ស លាយខៀវ ពាកស្លាកលេខ ភ្នំពេញ ១GB៩៣៦៥ខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ចំណែកភាគីរងគ្រោះមានឈ្មោះជឹម សុផានិត អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ និងអ្នករួមដំណើរឈ្មោះសៀង វាសនា អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែអ្នកទាំងពីរមានទីលំនៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សាក្សីឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូម៉ាកនិច ពណ៌ស លាយខៀវ ដោយធ្វើដំណើរពីត្បូងមកជើង ក្នុងល្បឿនលឿន ស្រាប់តែបានបុកនឹងម៉ូតូម៉ាកហុងដាC១២៥ សេរីឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ១GK៩៦១៩ ជិះគ្នា២នាក់ ដែលបញ្ច្រាសគ្នាបុកពេញទំហឹងបណ្តាលឲ្យអ្នកទាំង៣រងរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុ អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងអូសម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋាបាល ឃុំស្វាយតាយាន ដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖