ព័ត៌មានទាន់ហេតុការណ៍៖

៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងនោះមានជនបរទេសម្នាក់ផងដែរ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងនោះមានជនបរទេសម្នាក់ផងដែរ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវលេខ១៤៩C ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូធំមួយគ្រឿងម៉ាកហុងដា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-4546 បើកបរដោយឈ្មោះ Jammes Cummis ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអូស្រ្តាលី ស្នាក់នៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងទិសដៅពីឆ្នេរអូរឈើទាល ឆ្ពោះទៅ ឆ្នេរអូរត្រេះ។ លុះដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU-9338 បើកបរដោយឈ្មោះ ញ៉ ចាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឆែម មេសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដែលមានទិសដៅបញ្រ្ចាសទិសគ្នា។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងនោះមានជនជាតិអូស្រ្តាលីម្នាក់ស្លាប់ផងនៅនឹងកន្លែងកើតហេតុ។

សាកសពជនរងគ្រោះទាំង៣នាក់សមត្ថកិច្ចបានយកទៅតម្កល់នៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយជាក្រោយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖