ប៉ោយប៉ែត៖ ម៉ូតូឌ្រីមសង់ និងម៉ូតូឃ្លីកបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ និងស្រាលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសណ្ឋាគារសុង ដារ៉ា ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ម្នាក់ឈ្មោះ រតនៈ ហៅ(តូច) ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហាក់ កុសល្យ ភេប្រុស អ្នកទាំងពីររស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(របួសធ្ងន់) បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងឆ្លងផ្លូវដោយបាំងរថយន្ត១គ្រឿងកំពុងចតដោយបញ្ច្រាសទិសដូចគ្នាផងនោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូមួយគ្រឿងទៀត បើកបរដោយឈ្មោះហម ឆាន ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ រស់នៅស្រុកអូរាំងឪ រងរបួសធ្ងន់ដោយបែកក្បាលបើកបរម៉ូតូម៉ាកសង់សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខត្បូងឃ្មុំ 1E 7569 ដែលកំពុងបើកជែងរថយន្តខាងស្តាំបើកបរក្នុងទិសដៅពីកើតទៅលិច ក៏បានជ្រុលបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលទាំងសងខាងតែម្តង។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះវាស់វែង និងរៀបចំដឹកបញ្ជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
ដោយឡែកម៉ូតូទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយគ្នាជាក្រោយ៕ វណ្ណា