ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូយ៉ាងលឿនដល់ភ្លើងស្ទុបមិនឈប់ ជ្រុលទៅបុករថយន្តកាមរីបាឡែនរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ភ្លើងស្ទុបមិនព្រមឈប់ ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែនពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យឯកជនភ្លាមៗផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្ទុប (ចំការមន) តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-8317 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ខណៈមកដល់ស្ទុប ក៏បានឈប់ចាំស្ទុប (ស្ទុបក្រហម) ។ ប្រភពដដែលបានបន្តថា ភ្លាមៗនោះក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហង់ដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-5921 បានធ្វើដំណើមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយក៏ទៅបុករថយន្តកាមរីបាឡែនពីក្រោយយ៉ាងពេញទំហឹងតែម្ដង ធ្វើឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូ បានផ្លោងបោកជាមួយកញ្ចក់រថយន្តផ្នែកខាងក្រោយ បណ្ដាលឲ្យបែកកញ្ចក់ខ្ទេច និងរងរបួសធ្ងន់ខ្លួនឯង ដោយមិនបង្កឲ្យម្ចាស់រងយន្តរងរបួសឡើយ ចំណែកឯម៉ូតូជនរងគ្រោះក៏បានបាក់កខ្ទេច រងការខូចខាតផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន សុខលាភមេត្រី។ បន្ទាប់មក សមត្ថមូលដ្ឋានដែលជំនាញខាងចរាចរណ៍ បានចុះមកវាស់វែងរថយន្ត និងម៉ូតូខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំភាគីទាំង២ចូលខ្លួនដោះស្រាយតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖