ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកឯកភ្នំ ជិត២០០នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីតឡូត៍លេខ៦ ជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំព្រែកចាស់ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដកហូតបានឧបករណ៍ហាមឃាត់នេសាទខុសច្បាប់មួយចំនួនធំ និងរំដោះប្រលែងត្រីជាង៣តោនឲ្យមានសេរីភាពឡើងវិញ។
ការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់កម្លាំងនគរបាលធ្វើឡើងមានរយៈពេលពេញមួយថ្ងៃគឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដឹកនាំអនុវត្តតាមបទបញ្ជាផ្ទាល់ដោយស្នងការនគរបាលខេត្តបាត់ដំបងទើបមកកាន់តំណែងថ្មី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន។
ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ដែលជាស្រុកស្ថិតនៅជាប់និងបឹងទន្លេសាបនិងសំបូរដោយត្រីនោះគឺគេមើលឃើញថា ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ គ្រាដែលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា បទល្មើសនេសាទខុសច្បាប់បានកើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ដោយ ធនធានមច្ឆជាតិនៅក្នុងតំបន់នោះត្រូវគេមើលឃើញថា កំពុងរងការបាត់បង់ផងដែរ បើមិនវិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ។
លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចខាងលើកម្លាំងនគរបាលឆ្មក់ចូលបង្រ្កាបចំនួន៤កន្លែងគឺនៅចំណុចគោលដៅបឹងប្លែកខាប់, ចំណុចបឹងអាទាំង ,បឹងបីបទនិងអូរអាឃ្មុំ(អតីតឡូត៍លេខ៦)។
លោកប្រាប់ឲ្យដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តិការជាក់ស្ដែងជាលទ្ធផលសមត្ថកិច្ចដកហូតបាននិងដុតកំទេចចោលសាច់មងក្រឡាញឹកចំនួន១៨,៣០០ម៉ែត្រ,ឡុកចំនួន២០ឡុក,បង្គោលចំនួន៤៥៧៥ដើម។ កម្លាំងនគរបាលក៏បានរុះរើនិងដុតបំផ្លាញចោលទីតាំងជម្រកស្នាក់នៅរបស់ក្រុមជនល្មើសចំនួន៥កន្លែងផងដែរ។
ការបង្រ្កាបនោះសមត្ថកិច្ចមិនបានចាប់ខ្លួនជនល្មើសនេសាទខុសច្បាប់នោះឡើយ ពួកគេបានរត់គេចខ្លួន មុនពេលដែលសមត្ថកិច្ចឆ្មក់ចូលបង្រ្កាបទីតាំងដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសដោយមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់៕សំ វិច្ឆិកា