ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីនទស្សនកិច្ចប្រទេសអីុរ៉ង់ ដើម្បីកំណត់ជោគវាសនាតំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីនបាន ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសអីុរ៉ង់ នៅថ្ងៃទី១ខែវិច្ឆិកា ដើម្បីរឹតបន្តឹងចំណង មិត្តភាព ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង។ ដំណើរទស្សន កិច្ចនោះ ធ្វើឡើងក្នុងពេលដែល ប្រធានា ធិបតីអាមេរិកលោកដូណាលត្រាំ បាន គំរាមលុបកិច្ចព្រមព្រៀងបរមាណូ ដែល បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ជា មួយអីុរ៉ង់។រុស្ស៊ីក៏ជាប្រទេសមួយក្នុង ចំណោមប្រទេសដែលបានចុះហត្ថលេខានោះដែរ។

លោកពូទីន និងមន្ត្រីជាន់ខ្ពស់អីុរ៉ង់ នឹងពិភាក្សាស្តីពី កិច្ចព្រមព្រៀងបរមាណូ និងវិបត្តិនៅក្នុងប្រទេសស៊ីរី។ រដ្ឋាភិបាល រុស្ស៊ីនិងអីុរ៉ង់ បានគាំទ្រពេញទំហឹងដល់ ការកាន់អំណាចរបស់ប្រធានាធិបតីស៊ីរីលោកអាល់ អាសាដ ។ចំណែករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទួរគី ព្រមទាំង ប្រទេសអារ៉ាប់ បានគាំទ្រឲ្យដកតំណែង លោកអាល់អាសាដ។

ប្រធានាធិបតីអីុរ៉ង់ លោក ហាស្សាន់ រ៉ូហានី មានប្រសាសន៍ពេលស្វាគមន៍លោកពូទីនថា «យើង ពិតជាពេញចិត្តនូវទំនាក់ ទំនង រវាងប្រទេស រុស្ស៊ីនឹងអីុរ៉ង់ ដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ »។

មន្ត្រីអីុរ៉ង់មួយរូបដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា «នេះជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ការ ប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់និងទីក្រុង មូស្គូ ក្នុងការបង្កើនមិត្តភាព និងកំណត់ អនាគតតំបន់មជ្ឈិមបូព៌ា។

មន្ត្រីខាងលើបានបញ្ជាក់ទៀតថា «ទាំងរុស្ស៊ីនិងអីុរ៉ង់គឺសុទ្ធតែរងគំនាបពីអាមេរិក។ នៅពេលនេះទីក្រុងតេអេរ៉ង់ គ្មានជម្រើសណាផ្សេងក្រៅពីពឹងផ្អែកទៅលើរុស្ស៊ី ដើម្បីកាត់បន្ថយកំនាបរបស់អាមេរិក»។

មន្ត្រីជាន់ខ្ពស់អីុរ៉ង់ មួយរូបផ្សេងទៀត បានបញ្ជាក់ថា គោលនយោបាយស្តីពីអីុរ៉ង់ របស់ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានធ្វើឲ្យ បក្ខពួកនៅក្នុងប្រទេសអីុរ៉ង់ ដែលបាក់បែកនាពេលកន្លងមកបែរជា សាមគ្គីគ្នាកាន់តែខ្លាំងដើម្បីប្រឆាំងនឹង អាមេរិក។ ក៏ដូចជាបង្កើនសម្ពន្ធមិត្តជា មួយរុស្ស៊ី។

កន្លងមកប្រធានាធិបតីអាមេរិកបានចោទប្រកាន់អីុរ៉ង់ថាបានបំពានកិច្ចព្រមព្រៀងបរមាណូ ប៉ុន្តែ ក្រុមអង្កេតការណ៍ របស់ អង្គការថាមពលបរមាណូអន្តរជាតិ IAEA បានបញ្ជាក់ថា អីុរ៉ង់មិនបានបំពាន នោះឡើយ ។

ការចោទប្រកាន់របស់លោកត្រាំ លើ ហេតុការណ៍ខាងលើតែ លោកមិនបាន បញ្ជាក់ថា អីុរ៉ង់បានគោរព ឬក៏យ៉ាងណា នោះទេ។ តាមប្រមុខការបរទេសអាមេរិក រដ្ឋាភិបាលនឹងមិនសុំឲ្យសភាដាក់ទណ្ឌ កម្ម ដែលនឹងអាចទៅបំផ្លាញកិច្ចព្រមព្រៀងនោះទេ។ ប៉ុន្តែ លោកដូណាល់ ត្រាំបាន ព្រមានរួចហើយថា នឹងដកអាមេរិកចេញពី កិច្ចព្រមព្រៀង បើសិនជាសភា និងសម្ពន្ធ មិត្តអាមេរិកមិនសើរើ កែប្រែខ្លឹមសារកិច្ច ព្រមព្រៀងអុីរ៉ង់ ដែលចោទប្រកាន់ថា ជា កិច្ចព្រមព្រៀងដ៏អាក្រក់បំផុត មិនផ្តល់ ប្រយោជន៍ដល់អាមេរិក។

នៅក្នុងវោហារស័ព្ទរិះគន់ខ្លាំងៗ ទៅ លើអុីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុករបបអុីរ៉ង់ថា ផ្តាច់ការ និងជាមេកោយផ្គត់ផ្គង់ក្រុមភេរវ និយម នៅក្នុងពិភពលោក។ សម្រាប់ប្រធា នាធិបតីអាមេរិក អុីរ៉ង់បានរំលោភកិច្ចព្រមព្រៀងជាច្រើនលើក។ កិច្ចព្រមព្រៀងបានអនុញ្ញាតឲ្យអុីរ៉ង់ បន្តអភិវឌ្ឍផ្នែកខ្លះៗ នៃ កម្មវិធីនុយក្លេអ៊ែរយោធា។ “តើកិច្ចព្រមព្រៀងនឹងមានប្រយោជន៍អ្វី បើវាគ្រាន់តែ ពន្យឺតសកម្មភាពផលិតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លីនោះ? ប្រធានាធិបតីអាមេរិកមិនអាចទទួលយកបានទេ រឿងនេះ”។ លោកដូណាល់ ត្រាំបានថ្លែងយ៉ាងដូច្នេះ មុននឹងបញ្ជាក់ថា អាមេរិកមានសិទ្ធិដើរ ចេញពីកិច្ចព្រមព្រៀង ហើយលោកគឺជា អ្នកសម្រេចចិត្ត។

លោកដូណាល់ ត្រាំបានបដិសេធមិន បញ្ជាក់ថា អុីរ៉ង់គោរពតាមកិច្ចព្រមព្រៀង បន្ទាប់ពី សភាអាមេរិកនៅមានពេល២ខែ ដើម្បីសម្រេចចិត្តត្រូវត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីលើអុីរ៉ង់ឬយ៉ាងនោះទេ។ នៅក្នុងការប្រកាសនៅថ្ងៃសុក្រ លោកដូណាល់ ត្រាំមិនបានប្រកាសដក អាមេរិកចេញពីកិច្ចព្រមព្រៀង ហើយក៏មិនបានទាមទារឲ្យសភាដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើអុីរ៉ង់ដែរ។ លោកដូណាល់ ត្រាំអះអាងថា លោកបានបញ្ជារួចហើយ ឲ្យមន្រ្តីរដ្ឋាភិបាលរបស់លោកធ្វើការជាប់ជានិច្ចជាមួយសភា និងប្រទេសសម្ពន្ធមិត្ត ដើម្បីពិនិត្យ កែប្រែឡើងវិញ ចំណុចមួយ ចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្នុងករណីសភា និងប្រទេសសម្ពន្ធមិត្តមិនអាចចុះសម្រុង បំពេញចំណុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀង តាមការចង់បានរបស់ អាមេរិកទេ នោះលោកជាមនុស្សម្នាក់គត់ ដែលនឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

នៅក្រោយការប្រកាសរបស់លោក ដូណាល់ ត្រាំ តែបន្តិច ប្រធានាធិបតីអុីរ៉ង់ លោកហាស្សាន់ រ៉ូហានី នៅក្នុងការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិ បានចាត់ទុក សម្ដីចោទប្រកាន់អុីរ៉ង់ របស់លោកដូណាល់ ត្រាំថា ជាការជេរប្រមាថ និងចោទប្រកាន់អុីរ៉ង់តែផ្តេសផ្តាស។ តាមប្រធានាធិបតី អុីរ៉ង់ អុីរ៉ង់នឹងនៅតែគោរពតាមកិច្ចព្រម ព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដើម្បីផល ប្រយោជន៍អុីរ៉ង់។ ឆ្លើយតបនឹងការទាមទារឲ្យមានការសើរើ ចំណុចនៅក្នុងកិច្ចព្រម ព្រៀង លោករ៉ូហានី បានបញ្ជាក់ថា គ្មានប្រធានាធិបតីណាដែលអាចសើរើកិច្ចព្រមព្រៀងអន្តរជាតិបានទេ។ តាមប្រធានាធិប តីអុីរ៉ង់ អុីរ៉ង់នឹងមិនឱនក្បាល នៅចំពោះ មុខការដាក់សម្ពាធពីបរទេស ជាដាច់ ខាត។ សម្រាប់ប្រមុខដឹកនាំអុីរ៉ង់ ការប្រឹង ប្រែងរបស់លោកដូណាល់ ត្រាំ ដើម្បីបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់នឹងធ្វើឲ្យ អាមេរិកនៅឯកោ។

រដ្ឋបាលលោកដូណាល់ ត្រាំបែរខ្នង ដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរបានបណ្តាលឲ្យមានប្រតិកម្មព្រួយបារម្ភជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំអឺរ៉ុប រុស្ស៊ី ចិន ដែលបានចូលរួម ចរចា រហូតបង្កើតឲ្យមានកិច្ចព្រមព្រៀងដែលនៅក្នុងនោះ អុីរ៉ង់យល់ព្រមផ្អាកកម្មវិធី នុយក្លេអ៊ែរយោធា។ នៅក្រោយការ សម្រេចរបស់លោក ដូណាល់ ត្រាំ បារាំង អាល្លឺម៉ង់ និងអង់គ្លេសបានបញ្ជាក់ថា គេ នឹងនៅតែគាំទ្រ គោរពកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរ ទោះជាអាមេរិកចង់ក្រឡាស់ដោះដៃក៏ដោយ។ យ៉ាងណាក៏ដោយក្រៅតែពី ទាមទារឲ្យអុីរ៉ង់ គោរពឲ្យខ្ជាប់ខ្ជួនកិច្ចព្រមព្រៀង មហាអំណាចនៅអឺរ៉ុបបានប្រាប់អុីរ៉ង់ពីក្តីបារម្ភរបស់គេពីកម្មវិធីផលិតមីស៊ីល របស់អុីរ៉ង់ ហើយនិងការលូកដៃរបស់ យោធាអុីរ៉ង់ នៅក្នុងសង្រ្គាមស៊ីរី និងយេ ម៉ែន៕ ម៉ែវ សាធី

 


ចែករំលែក៖