សារព័ត៌មានកូរ៉េខាងជើង បានបញ្ជាក់ ថា ទីក្រុងព្យុងយ៉ាង បាន« សំលៀងកាំបិត បរមាណូ»ដើម្បីប្រឆាំងនឹងអាមេរិក។
សារព័ត៌មានកូរ៉េខាងជើង KCNA បាន ប្រកាស ពីសារថ្មីបំផុតរបស់កូរ៉េខាងជើង គឺបានត្រៀមបរមាណូដើម្បីបង្ការពេល មានសង្គ្រាមកើតឡើងជាមួយអាមេ រិក។ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុង ព្យុងយ៉ាងមិនទាន់ថយកម្តៅនៅ ឡើយទេ ពេលដែលប្រទេសទាំងពីរ បានបន្តប្រើពាក្យសម្តីឌឺដងដាក់គ្នាដដែលនោះ។
សារព័ត៌មាន KCNA បានផ្សាយថា កូរ៉េខាងជើងនឹងមិនបន្ធូរបន្ថយឡើយ ហើយបង្ខំឲ្យសត្រូវត្រូវតែស្តាប់តាមកូរ៉េខាងជើង ។ លើសពីនេះទៅទៀតកូរ៉េខាងជើង នឹងប្រើ ប្រាស់បរមាណូដើម្បីទប់ទល់ការគំរាម កំហែងដោយបរមាណូ។ សារព័ត៌មានកូរ៉េ ខាងជើង បានបញ្ជាក់ទៀតថា ការប្រើ ប្រាស់កម្លាំងយោធា និងការដាក់ទណ្ឌកម្មមកលើកូរ៉េខាងជើង ដើម្បីឲ្យបោះបង់កម្ម វិធីមីស៊ីលនិងបរមាណូ គឺគ្មានប្រសិទ្ធភាព នោះឡើយ។
កាលពីខែកក្កដាកន្លងទៅ ទីក្រុងព្យុង យ៉ាង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ពីរដើមដោយជោគជ័យ ដែលអាចបំពាក់ ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ ទិសទី ក្នុងទឹកដីអាមេរិក ក្នុងនោះមានកោះ Guam ជាដើម។ បច្ចុប្បន្នគោលដៅធំបំផុតរបស់កូរ៉េខាងជើង គឺបង្រួមបរមាណូឲ្យតូច ដើម្បីបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លង ទ្វីប។ ប៉ុន្តែក្រុមអ្នកឯកទេសរបស់អាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងត្រូវការពេល វេលាជាច្រើនទៀតទើបអាចសម្រេចបានគោលដៅទាំងនោះ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សម្ព័ន្ធយោធាអាមេរិក និងកូរ៉េខាងត្បូង គ្រោងបើកកិច្ចប្រជុំ ស្តីពីស្ថានភាពនៅឧបទ្វីបកូរ៉េ។ កិច្ចប្រជុំ នោះធ្វើឡើង នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហា ប្រឈមដែលកំពុងកើនឡើង បង្កដោយ កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសផ្ដាច់ការកូរ៉េខាងជើងនេះបើយោងតាមការចុះ ផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុន ហាប់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lim Sung Nam និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបប្រជុំគ្នានៅ ថ្ងៃចន្ទ ទី២៨ ខែសីហា នៅពេលមានការ ព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះសមត្ថ ភាព មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ។
កិច្ចប្រជុំនេះបានធ្វើការចរចា មុនពេល រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូងលោក Song Young-moo និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Jim Mattis ដែលនឹងគ្រោង ធ្វើឡើង នៅមន្ទីរបញ្ចកោណនាថ្ងៃពុធ សប្ដាហ៍នេះដែរ ។
កន្លងមកក្រុមអ្នកឯកទេសបានវាយ តម្លៃខុសពីដំណើរការអភិវឌ្ឍនៃកម្មវិធីអាវុធរបស់កូរ៉េខាងជើង ដោយយល់ឃើញថា ប្រទេសនេះត្រូវការពេលវេលាយ៉ាងយូរទើបអាចផលិតបានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
ផ្ទុយទៅវិញ ទីក្រុងព្យុងយ៉ាង បាន ដំណើរការលឿនទៅមុខដ៏អស្ចារ្យ ខាង កាំជ្រួចមីស៊ីល ខណៈកំពុងមានភាពតាន តឹងដល់កម្រិត ជាមួយក្រុងវ៉ាស៊ីនតោន ដោយសម្រេចបានដូចចិត្ត ព្រោះតែម៉ូទ័របាញ់បង្ហោះវាមានប្រភពទៅពី អ៊ុយ ក្រែន ឬទៅពី រុស្ស៊ី ហើយទំនងជាទទួលបាន តាមរយៈទីផ្សារងងឹត នេះជាការសន្និដ្ឋាន ដោយ វិទ្យាស្ថាន អន្តរជាតិខាងសិក្សា បញ្ហាយុទ្ធសាស្ត្រ ហៅកាត់ថា IISS ។
តាមលោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Jim Mattis បញ្ជាក់ថា ភាពតានតឹងរវាងស.រ.អា នឹង កូរ៉េខាងជើង នាប៉ុន្មានសប្តាហ៏ចុងក្រោយដែលឡើង ដល់«កម្រិតមិនធ្លាប់មានពីមុន បើគិត តាំង ពី សម័យសង្គ្រាមនៅកូរ៉េ ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ »ហើយភាពតានតឹងនេះគឺ ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងជាបន្តបន្ទាប់នូវមីស៊ីលបាលីស្ទិក និង សង្គ្រាមពាក្យសម្ដីគ្មានឈប់ឈរនោះមក។
ជារៀងរាល់លើក កាលណាកូរ៉េខាង ជើងបាញ់សាកល្បងមីស៊ីល ឬ មីស៊ីល នុយក្លេអ៊ែរ គេតែងសន្និដ្ឋានថា ប្រទេសនោះដើរលឿនទៅមុខគួរឲ្យបារម្ភ តែមតិ នេះបញ្ចេញដោយ នាយកទីភ្នាក់ងារចារ កិច្ចអាមេរិក CIA លោក Mike Pompeo ។
ស្របនឹងការសិក្សារបស់លោក ជំនាញ ការ Michael Elleman ចេញផ្សាយ ថ្ងៃចន្ទ ដោយ វិទ្យាស្ថានអន្តរជាតិ ខាងសិក្សា បញ្ហាយុទ្ធសាស្ត្រ IISS ស្ថិតនៅអង់គ្លេស មីស៊ីលទាំងឡាយដែលបាញ់សាកល្បង នាពេលចុងក្រោយ ដោយកូរ៉េខាងជើង គឺបំពាក់ដោយម៉ូទ័រ ប្រភេទ RD-250 ផលិតជំនាន់មុន ក្នុងរោងចក្រមួយនៃ ប្រទេស អតីតសហភាពសូវៀត ដែល បច្ចុប្បន្ន ជារោងចក្រឈ្មោះ Youjmach ស្ថិតនៅក្នុងអ៊ុយក្រែន។
កូរ៉េខាងជើង តែក្នុង២ឆ្នាំសោះ ឈាន ឡើងដល់ មីស៊ីលធុនថ្មីបាញ់ ក្នុងចម្ងាយ មធ្យម គឺពី ១.០០០ ដល់ ៥.៥០០គ.ម ក្រោមឈ្មោះថា Hwasong-12 និងរៀម ច្បងរបស់វា Hwasong-14 បាញ់ក្នុងរយៈ ចម្ងាយឆ្ងាយ រហូតដល់ ១០.០០០គ.ម ហៅម្យ៉ាង ទៀតថា មីសុីលអន្តរទ្វីប។ ជោគជ័យនេះ ញ៉ាំងឲ្យគេភ័យខ្លាច ថា របបលោក គីម ជុង អ៊ុន មានសមត្ថភាព វាយប្រហារដែនដីស.រ.អា ដោយប្រើ មីស៊ីលនុយក្លេអ៊ែរ។
“ម៉ូទ័រ RD-250 រហូតមកទល់ឆ្នាំ ២០០១ ត្រូវបានផ្គុំដំឡើងនៅរោងចក្រ Youjmach ហើយបំពាក់នៅនឹង មីស៊ីល Cyclone-2 និង Cyclone-3 រួចលក់គ្មាន សល់ទេ ទៅឲ្យរុស្ស៊ី -សេចក្តីនេះ ថ្លែងបំភ្លឺ ទៅ ពួកអ្នកកាសែត នៅក្រុងគៀវ នាល្ងាច ថ្ងៃ អង្គារ ទី១៥ ខែសីហា ដោយនាយក ទីភ្នាក់ងារ អវកាសអ៊ុយក្រែន លោក Youri Radtchenko ទាំងបន្ថែមថា ក្នុងដំណាក់ កាលបន្ទាប់មក រុស្ស៊ីផ្ទាល់អាចលក់វាមួយ ភាគ ទៅឲ្យនរណាក៏បានដែរ គឺទៅតាម ការយល់ឃើញរបស់ខ្លួន៕ ម៉ែវ សាធី