ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយរវល់ កូនប្រុសអាយុ១ឆ្នាំកន្លះដើរធ្លាក់អណ្ដូងទឹកក្បែផ្ទះលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាអាយុទើបត្រឹមតែ១ឆ្នាំកន្លះប៉ុណ្ណោះ បានដើររអិលជើងធ្លាក់ចូលអណ្ដូងទឹកក្បែរផ្ទះលង់ស្លាប់ ខណៈឪពុកម្ដាយជាប់រវល់ ឬអាចហៅបានថា ជាការធ្វេសប្រហែសផងនោះ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចអណ្ដូងទឹកខាងលិចផ្ទះចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលអន្សាចំបក់បានឲ្យដឹងថា កុមារារងគ្រោះ(ស្លាប់)ឈ្មោះ ធឿន ចាន់ណា អាយុ ១ឆ្នាំប្រាំ៦ខែ រស់នៅក្នុងបន្ទុកគ្រួសារ ឪពុកឈ្មោះ ហង្ស ឌុល អាយុ ៤៧ឆ្នាំ និងម្ដាយឈ្មោះ ឈន ចាន់ធឿ អាយុ ៣៥ឆ្នាំ ពួកគាត់មានកូនប្រុសចំនួន ០៣នាក់ រួមទាំងពៅរងគ្រោះផង។

ប្រភពព័ត៌មានខាងលើបន្តថា កុមារារងគ្រោះអាចធ្លាក់ចូលក្នុងទឹកអណ្ដូងលង់ស្លាប់មុនការភ្ញាក់ផ្អើលឡើងប្រមាណ៣០នាទី នៅគ្រាដែលម្ដាយដេកលក់ពឹងលើបងៗមើលខណៈឪពុករវល់ទៅរកស៊ី លុះម្ដាយភ្ញាក់ឡើងបាត់កូនរងគ្រោះមិនឃើញទើបបង្កការឆោឡោឡើង ក៍នាំគ្នាចែកផ្លូវរត់រកក្បែៗផ្ទះតែរកមិនឃើញទើបមានការសង្ស័យទៅមើលក្នុងអណ្ដូងទឹក ក៍ឃើញសក់រ៉ុយៗអណ្ដែតលើកទឹកទើបស្រង់ឡើងបានត្រឹមនាំគ្នាទ្រហ៊ោយំប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា អណ្ដូងទឹកនោះគ្មានលូឬខ្នស់នោះឡើយ ប៉ុន្តែពួកគាត់បានធ្វើរបង និងហ៊ុំសំណាញ់ព័ទជុំវិញនោះដែរ តែកូនច្បងៗវាចេះតែហែកបណ្ដាលឲ្យធ្លុះធ្លាយ ដូច្នេះកូនប្រុសពៅរងគ្រោះវាអាចចូលតាមចន្លោះដែលរហែក ហើយទំនងក៍រអិលជើងរមាលធ្លាក់ចូលតែម្តង វាមិនអាចដើរឆ្លងតាមឈើគងលើមាត់អណ្ដូងនោះទេ ហើយអណ្ដូងទឹកជម្រៅប្រហែល៣ទៅ៤ម៉ែត្រឯណោះ ក្រោយនគរបាលមូលដ្ឋានទទួលព័ត៌មាននេះបានសហការគ្នាចុះស្រាវជាវដល់កន្លែងកើតហេតុ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖