ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួចក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៩:០០នាទី កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច ( ផ្លោះរបងចូលក្រុមហ៊ុនលួចលុយចំនួន១៦៧$ និង៤០០០០៛ ) ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន SHMC ដែល មានទីតាំងផ្ទះលេខ៧ ផ្លូវ លេខ៦០៤ កែងផ្លូវលេខ៣១១ ក្រុមទី៣៦ ភូមិ៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ WANG JIA LE ( វ៉ាង ចាលិ ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះឈ្មោះ SHI ZHENLING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៦០៤ កែងផ្លូវលេខ ៣១១ ក្រុមទី៣៦ ភូមិ៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងចាប់យកមាន៖ ប្រាក់ដុល្លារចំនួន១៦៧$ ( មួយរយហុកសិបប្រាំពីរដុល្លារសហរដ្ឋអាមេរិក ) និងប្រាក់រៀលចំនួន៤០០០០៛ ( បួនមុឺនរៀល ) , ដង្កាប់ចំនួន០១ និងក្បាលម៉ាសុីនកាម៉េរ៉ាសុវត្ថិភាពចំនួន០១ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung S6 Plus ពណ៌ទឹកមាស ។ ប្រាក់ដុល្លារ និងប្រាក់រៀល និងក្បាលម៉ាសុីនកាមរ៉ាសុវត្ថិភាព ជារបស់ជនរងគ្រោះបានប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ SHI ZHENLING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន បានបិទទ្វារចាក់សោរក្រុមហ៊ុនCHMC ត្រឹមត្រូវរួចបានចេញទៅហាត់កីឡា (វាយសី )នៅខាងក្រៅ រហូតដល់ម៉ោងប្រហែល ១៧និង៥០នាទី ទើបជនរងគ្រោះត្រឡប់មកក្រុមហ៊ុនវិញ រួចបានចូលទៅបន្ទប់ទឹកដើម្បីងូតទឹក រហូតមកដលម៉ោងប្រហែល ១៨:០០នាទី ជនរងគ្រោះបានចេញពីបន្ទប់ទឹកវិញ ស្រាប់តែបានលុយចំនួន១៦៧$ និង៤០០០០៛ ពីក្នុងកាបូបរបស់ខ្លួនដែលដាក់នៅលើគ្រែ ពេលនោះជនរងគ្រោះ ក៏បានដើរឆែកតាមបន្ទប់មើល ស្រាប់តែឃើញជនសង្ស័យឈ្មោះ WANG JIA LE ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន កំពុងលាក់ខ្លួននៅក្រោមកាំជណ្ដើរ ភ្លាមនោះជនរងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស តារា


ចែករំលែក៖