ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញដុះស្លែលួចដឹកឈើគ្រញូងជួបគ្រោះថ្នាក់ចរាចរណ៍បែកកង់ទៅមុខលែងរួចទើបសមត្ថកិច្ចចាប់បាន

ចែករំលែក៖

ខេត្តកំពង់ធំ៖​​ រថយន្ដដឹកឈើគ្រញូងយ៉ាងសកម្មចេញពីខេត្តសៀមរាប​ ឆ្លងកាត់ខេត្តកំពង់ធំ​ឆ្ពោះទៅ​លក់នៅប្រទេសវៀតណាម​យ៉ាងគគ្រឹកគគ្រេង តែពុំសូវមានសមត្ថកិច្ចជំនាញចុះបង្រ្កាបនោះទេ ជាហេតុធ្វើឲ្យឈ្មួញដុះស្លែ ​ធ្វើសកម្មភាពដឹកឈើយ៉ាងរលូនជារៀងរាល់យប់ ជាក់ស្ដែង រថយន្ដនេះ ប្រសិនបើមិនជួបគ្រោះថ្នាក់ចរចរណ៍ទេ ម្ល៉េះសមឈ្មួញដឹកឈើបានយ៉ាងរលូន គ្មានឧបសគ្គអ្វី​ឡើយ។

ក្រោយរថយន្ដជួបគ្រោះថ្នាក់ចរាចរណ៍​បែកកង់ រេចង្កូតធ្លាក់ថ្នល់ជាតិលេខ៦ ភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពី​យប់ម៉ិញ​ លុះព្រឹកឡើងវេលាម៉ោង៦និង១០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅស្ទូចរថយន្ដយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង​ដើម្បីវាស់វែង មានចំនួនឈើ​គ្រញូង៥១ដុំ ស្មើរ៥១២ គីឡូក្រាម ​ ។

បើយោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ​​មេឈ្មួញដុះស្លែ ឈ្មោះអាឡូ រស់នៅឃុំ សសរស្ដំ ស្រុកពួក ខេត្តសៀមរាប ឈ្មួរូបនេះ តែងតែដឹកឈើគ្រញូង យ៉ាងសកម្មយកទៅលក់នៅប្រទេសវៀតណាម​ ។ ក្នុងនោះត្រូវបានគេរាយការណ៍មកថា​សមត្ថកិច្ចមួយចំនួនកំពុងតែទទួលបានលាភសក្ការយ៉ាងផ្អែមមាត់ ផ្អែមក ទើបម្នាក់ៗអង្គុយចាំទទួលទូរស័ព្ទ និងបែងចែកគោលដៅ មើលផ្លូវ ដើម្បីឲ្យឈ្មួញដុះស្លែនេះដឹកជញ្ចូន​ឈើឲ្យដល់គោលដៅ ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖