ខេត្តព្រះសីហនុ ៖ ក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែកប្រទីប និងសំពះព្រះខែកន្លងមកនេះនៅខេត្តព្រះសីហនុ មានចំនួនប្រមាណ៨៥០០០នាក់ មានការកើនឡើង៥.៩ភាគរយ ភ្ញៀវជាតិមានចំនួនប្រមាណ៧៣.៩៥០កើនឡើង៤.៨ភាគរយ ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១១.០៥០កើនឡើងប្រមាណ១៤.៥ភាគរយ។
ភ្ញៀវទៅកម្សាន្តនៅតាមបណ្តាកោះមានចំនួនសរុប ៥៩៨៨នាក់ ស្រី២៨៦០ក្នុងនោះភ្ញៀវជាតិមានចំនួន៤១៥១ស្រី ២១១៨និងភ្ញៀវអន្តរជាតិមាន១៨៣៧នាក់ ស្រី៧៥២នាក់។ ចំណែកភ្ញៀវទៅកំសាន្តតាមរមណីយដ្ឋាននានារួមមាន១.រមណីយដ្ឋានក្បាលឆាយភ្ញៀវសរុបប្រមាណ៩៨៣២នាក់ក្នុងនោះមានភ្ញៀវបរទេស១៦នាក់ ស្រី០៧នាក់ ២.រមណីយដ្ឋានថ្មរូងសរុបប្រមាណ៧៣០០នាក់ក្នុងនោះភ្ញៀវបរទេស៦៥ស្រី២៧នាក់ ៣.រមណីយដ្ឋាន ពិចនិកសរុបមានប្រមាណ១៧៨០នាក់ក្នុងនោះមានភ្ញៀវបរទេស២៨១នាក់ស្រី៨៥នាក់។
លោកវរសេនីយ៍ទោប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា បុណ្យអុំទូកឆ្នាំនេះមានភ្ញៀវទេសចរណ៍ មកលេងកំសាន្តច្រើនជាងឆ្នាំមុនៗ និងមានសុវត្ថិភាពល្អប្រសើរ ការដុតផាវ កាំជ្រួច គោមហោះ ត្រូវបានស្ងប់ស្ងាត់ មិនមានកើតឡើង សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់ឆ្នេរមានភាពល្អប្រសើរដូចនេះ ដោយមានការខិតខំប្រឹងប្រែង ពីកងកម្លាំងនគរបាលគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ ចូលរួមបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងអស់គ្នាផងដែរ និងដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុវត្ថិភាពភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានណែនាំ រំឮកដាស់តឿន ជាបន្តបន្ទាប់ ឲ្យគ្រប់កម្លាំងជំនាញបង្កើនការប្រុងប្រយ័ត្ន ល្បាតត្រួតពិនិត្យគ្រប់ពេលវេលានៅក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
កងកម្លាំងនគរបាលខេត្តព្រះសីហនុ បានចេញប្រតិបត្តិការ មានសកម្មភាព ការងារមមាញឹក ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារសន្តិសុខជាតិ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសមានថ្នាក់ដឹកនាំជាន់ខ្ពស់ បានមកទស្សនា សំរាកកំសាន្ត នៅទីក្រុងទេសចរណ៍នៃទិសនិរតីកម្ពុជាមួយនេះ ឲ្យមានភាពកក់ក្តៅ ប្រកបដោយសុខដុមរម្យនា៕ ឆ្លាម សមុទ្រ