(ភ្នំពេញ)៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងចូលបំភ្លឺចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា នេះ ជុំវិញបណ្ដឹងប្តឹងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈកាលពីពេលថ្មីៗនេះ។ ដោយឡែកលោក លឺ ឡាយស្រេង ត្រូវចូលបំភ្លឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ មេធារីតំណាងដោយអាណត្តិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងផ្លូវការ ប្តឹងលោក លឺ ឡាយស្រេង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដោយស្នើឱ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន៥០០លានរៀល (ប្រមាណ១២៥,០០០ដុល្លារ) ដល់ដើមបណ្តឹង។
ការដាក់ពាក្យបណ្តឹងរបស់លោកមេធាវី គី តិច ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច បានសន្ទនាឆ្លើយឆ្លងគ្នា ដែលក្រៅពីប្រមាថព្រះចេស្តា យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ និងសម្តេចក្រុមព្រះហើយនោះ ថែមទាំងនិយាយធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិស័ព្ទ យ៉ាងធ្ងន់ធ្ងរ ដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។
ពាក្យបណ្តឹងរបស់លោក គី តិច ប្តឹងលោក លឺ ឡាយស្រេង បានសុំឱ្យព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ៖
១៖ សុំឱ្យអយ្យការនិងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើឈ្មោះ លឺ ឡាយស្រេង តាមច្បាប់។
២៖ ទាមទារឱ្យឈ្មោះ លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។
៣៖ សុំឱ្យតុលាការប្រកាសផ្តន្ទាទោសបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។
ករណីនេះកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា នេះបានស្នើឱ្យចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក លឺ ឡាយស្រេង ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ។
កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ធ្វើនៅសាលមហោស្រពកោះពេជ្រ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយបានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក តាមជើងហោះហើរ Bangkok Air PG 938៕ ចេស្តា