ភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃាត់ខ្លួនលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង ជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី ទេ ក្រោយបញ្ចប់ការសាកសួរជាច្រើនម៉ោង នៅថ្ងៃទី០៧ ខែវិច្ឆិកា នេះ ដើម្បីបន្តនីតិវិធី ករណីបាត់បច្ច័យបុណ្យសពបណ្ឌិតកែម ឡី ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក មឿន តុលា និយាយ ថា លោកពុំបានកិបកេងប្រាក់បុណ្យសពបណ្ឌិតកែម ឡី ដូចការចោទប្រកាន់របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទេ។
ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានកោះហៅចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ការចូលបំភ្លឺនេះ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ។
បើតាមលោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ បានចោទថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ , លោក មឿន តុលា និង លោក ប៉ា ងួនទៀង ដែលជាគណៈកម្មការចាស់នៃបុណ្យសព លោក កែម ឡី បានធ្វើឱ្យបាត់បច្ច័យរបស់ប្រជាពលរដ្ឋ និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានចូលរួមដើម្បីសាងសង់ចេតីយ៍ លោក កែម ឡី។
លោកចាត់ទុកថា កាត់បាត់បច្ច័យ ដោយពុំបានសាងសង់ចេតីយ៍ លោក កែម ឡី ឱ្យបានរួចរាល់នោះ គឺបង្កើតនូវរឿងអយុត្តិធម៌ សម្រាប់ក្រុមគ្រួសារសព និងអ្នកចូលរួមបច្ច័យទាំងអស់។ ដូច្នេះលោកសម្រេចដាក់ពាក្យប្តឹង ដើម្បីឱ្យតុលាការ ផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គល ឆ្លៀតឱកាសមួយចំនួន៕ ចេស្តា