ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(សុីម៉ាក់) បានប្រកាសថា អង្គការNPAដែលជាអង្គការដៃគូជាមួយស៊ីម៉ាក់បានផ្តល់ព័ត៌មានថា ស្ថានទូតអាមេរិកបានសម្រេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកអង្គភាពស៊ីម៉ាក់ចាប់ពីដើមខែមករា ឆ្នាំ២០១៨តទៅ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ ។
លោក ហេង រតនា បានបញ្ជាក់ថា ថវិកា ជំនួយនោះជាជំនួយសម្រាប់បោសសម្អាត គ្រាប់បែករបស់អាមេរិកដែលទម្លាក់លើ ទឹកដីខ្មែរដែលមានទឹកប្រាក់ប្រមាណ ២,៥លានដុល្លារក្នុង១ឆ្នាំៗ ប៉ុន្តែបើទោះបី គ្មានថវិកានេះក្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ ដទៃទៀតធានាជួយឲ្យស៊ីម៉ាក់នៅបន្តប្រតិបត្តិការនេះដដែលមិនដកថយឡើយ ។
លោក ហេង រតនា បានបញ្ជាក់ថា កន្លង មកស៊ីម៉ាក់ និងភាគីអាមេរិក(ក្រសួងការ បរទេសអាមេរិក) បានឯកភាពគ្នាក្នុងការគាំទ្រកម្លាំងស៊ីម៉ាក់ឲ្យជួយបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះរបស់សហរដ្ឋអាមេរិក នៅលើទឹកដីកម្ពុជាមានដូចជា គ្រាប់បែក ទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធទណ្ឌមិនទាន់ផ្ទុះជាច្រើនទៀត។ កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អាមេរិកនេះបាន និងកំពុងទទួលលទ្ធផលនិងប្រសិទ្ធភាពយ៉ាងល្អប្រសើរ ។
លោក ហេង រតនា បានថ្លែងថា «ខ្ញុំ មានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ជំនួយយ៉ាងតក់ក្រហល់នេះ ពិសេសទន្ទឹមពេលដែលកម្ពុជាកំពុង រុករកឃើញ និងទទួលផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដោយសារសំណល់អាវុធគីមីរបស់អាមេរិកដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវ ។
ខ្ញុំសូមឆ្លៀតឱកាសនេះអំពាវនាវដល់ប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិកមេត្តាកុំមានការព្រួយបារម្ភចំពោះការ កាត់ផ្តាច់ជំនួយនេះ ព្រោះថាសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនឹងមិនឲ្យការបញ្ចប់ជំនួយអាមេរិកនេះប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ» ។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូដទៃទៀត ធានារ៉ាប់រងផ្តល់ថវិកាគាំទ្រកិច្ចប្រតិបតិ្តការ របស់ស៊ីម៉ាក់ឲ្យនៅដដែលជំនួសថវិការបស់ អាមេរិកដែលផ្តាច់ជំនួយចំពោះកិច្ចប្រតិ បតិ្តការមនុស្សធម៌របស់ស៊ីម៉ាក់ក្នុងការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម របស់សហរដ្ឋអាមេរិក ។
អគ្គនាយករូបនេះបានថ្លែងបន្តថា «ខ្ញុំ បានទទួលការណែនាំ និងអនុសាសន៍ពី សម្តេចអគ្គមហាសេនាបធិតេជោប្រមុខ រាជរដ្ឋាភិបាលដោយផ្ទាល់និងសូមជម្រាបជូនកម្លាំងស៊ីម៉ាក់ដែលកំពុងប្រតិបតិ្តការ ទាំងអស់ដែលស្ថិតក្រោមគម្រោងគាំទ្រ ដោយថវិកាអាមេរិកជ្រាបថា កម្លាំងទាំងអស់ នឹងត្រូវរក្សាឲ្យបន្តកិច្ចប្រតិបតិ្តការដដែល ដោយរាជរដ្ឋាភិបាលរួមជាមួយដៃគូដទៃទៀតនឹងដាក់ថវិកាជំនួសថវិការបស់អាមេរិកដែលបានកាត់ផ្តាច់នេះចាប់ពីដើមខែ មករា ឆ្នាំ២០១៨តទៅ។ ខ្ញុំបាទតាងនាម មន្ត្រីបុគ្គលិកស៊ីម៉ាក់ ស្ថិតនៅក្រោមគម្រោង នៃការបញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ក៏ដូចប្រជាពលរដ្ឋ សូមសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះវិធានការយ៉ាងរឹងមាំរបស់សម្តេចតេជោក្នុងការធានាសេចក្តី សុខសុវតិ្ថភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះក៏ដូចជារងការគំរាមកំហែងពីគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម ពិសេសគ្រាប់ជាប្រភពដើមរបស់អាមេរិកទម្លាក់នៅ កម្ពុជាដូចជាគ្រាប់បែកធំៗទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់បែកជា អាវុធគីមីជាដើម» ។
គួរបញ្ជាក់ថា ការសម្រេចចិត្តផ្តាច់ជំនួយ យ៉ាងតក់ក្រហល់របស់អាមេរិកចំពោះសកម្មភាពបោសសម្អាតកាកសំណល់មិនទាន់ផ្ទុះ របស់ខ្លួនទម្លាក់លើទឹកដីខ្មែរនេះធ្វើឡើង បន្ទាប់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាមន្ត្រី ជំនាញរបស់កម្ពុជាប្រតិកម្មខ្លាំងចំពោះ សេចក្តីថ្លែងការណ៍របស់អាមេរិកដែលចាត់ទុកគ្រាប់បែកគីមីនៅខេត្តស្វាយរៀងត្រឹម ជាឧស្ម័នបង្ហូរទឹកភ្នែកដែលការលើកឡើងនេះជាទង្វើមិនទទួលខុសត្រូវមួយចំពោះអំពើខុសឆ្គងរបស់ខ្លួនធ្វើមកលើប្រជាជនកម្ពុជា។ ខណៈមន្ត្រីជំនាញរបស់កម្ពុជារកឃើញថា គ្រាប់បែកគីមីនោះជាប្រភេទ Nitrogen Mustard ដែលហៅថា Blister agents ដែល មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរលើសុខ ភាពមនុស្សដូចជា ប៉ោងស្បែក រលាក ស្បែក និងថប់ដង្ហើមជាដើម ៕ ហេង សូរិយា