ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ត្រាំ ស្រាប់តែចង់កសាងសន្តិភាពជាមួយកូរ៉េខាងជើង

ចែករំលែក៖

ក្រោយរយៈពេលជាច្រើនខែ ប្រឈមមុខតានតឹងដាក់គ្នា រវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយមេដឹកនាំទាំង២ផ្ទុះសង្គ្រាមសម្តីគំរាមកំហែងដាក់គ្នា ជាបន្តបន្ទាប់។ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង លោក ត្រាំ បានបន្ទាន់ពាក្យសម្តីពេលនិយាយពីកូរ៉េខាងជើង។

សារព័ត៌មាន Business Insider បានផ្សាយថានៅក្នុងសន្និសីទកាសែត រួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូលជេ អីន លោក ត្រាំ បាននិយាយពីសមត្ថភាពរបស់កូរ៉េខាងជើង ក៏ដូចជានយោយបាយរបស់ខ្លួននៅពេលអនាគត។ លោក ត្រាំ បានបន្ទន់ឥរិយាបថ បន្ទន់ពាក្យសម្តី ទៅលើកូរ៉េខាងជើង មិនមានការគំរាមកំហែងដូចកាលមុនៗឡើយ។

អំពីបញ្ហាកាំជ្រួចមីស៊ីលរបស់កូរ៉េខាងត្បូង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយកន្លងមកកាំជ្រួចមីស៊ីលរបស់កូរ៉េខាងត្បូង មិនអនុញ្ញាត្តិឲ្យមានទម្ងន់លើសពី ៥០០គីឡូក្រាមឡើយ។ ប៉ុន្តែពេលនេះភាគីទាំង២បានសម្រេចលុបចោក កិច្ចព្រមព្រៀងនោះ ដោយអនុញ្ញាត្តិឲ្យកូរ៉េខាងត្បូងផលិត មីស៊ីលដែលមានសមត្ថភាពជាងនេះសម្រាប់ទប់ទល់ និងការគំរាមកំហែងពីកូរ៉េខាងជើង។

កន្លងមក ប្រធានាធិបតី ត្រាំ ក៏បានស្នើរដល់សភាអាមេរិកចំណាយប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារវាយស្ទាក់សម្រាប់ទប់ទល់ការវាយប្រហារពីកូរ៉េខាងជើង។

ជាមួយគ្នានេះ មេដឹកនាំអាមេរិក និងកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីការសន្យារបស់ខ្លួនថា និងបន្តធ្វើសមយុទ្ធរួមដែលជាការសន្យាដែលកូរ៉េខាងជើងចាត់ទុកថាជាការប៉ុនប៉ងឈ្លានពានទីក្រុងព្យុងយ៉ាង។ ប៉ុន្តែនៅក្នុងសុន្ទរកថារបស់លោក ត្រាំ នៅក្នុងទីក្រុងសេអ៊ូល លោក ត្រាំ មិនមានពាក្យសម្តីឌឺដង ឬគំរាមកំហែងកូរ៉េខាងជើងនោះឡើយ។

នេះជារឿងគួរឲ្យចាប់អារម្ភបំផុត ដោយពេលកន្លងមក ទាំងអនុប្រធានាធិបតី អាមេរិក MikePenceនិងរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ព្រមទាំងរដ្ឋមន្ត្រីការពារជាតិ James Mattis បានបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដោយបានបង្ហាញពីគោលជំហរ រឹងមាំជាមួយកូរ៉េខាងជើង។ ប៉ុន្តែនៅពេលដែលលោក ត្រាំ ទស្សនកិច្ច បែរជាបន្ទន់ឥរិយាបថចំពោះកូរ៉េខាងជើងទៅវិញ។

ការថ្លែងសុន្ទរកថារបស់លោក ត្រាំ បានផ្តោតសំខាន់ទៅលើគម្រោងកសាងសន្តិភាព ជាមួយកូរ៉េខាងជើង។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតី Moon ក៏បានបញ្ជាក់ថា «កូរ៉េខាងត្បូង នឹងជួយកូរ៉េខាងជើង មានអនាគតភ្លើងស្វាង»។

ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានលុបចោលដំណើរទស្សនកិច្ច ទៅកាន់តំបន់គ្មានយោធាព្រំដែនរវាងកូរ៉េទាំង២ ដោយសារតែបញ្ហាអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗកន្លងទៅនេះ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាគ្នាជាមួយលោកប្រធានាធិបតី មូន ជេអុីន លើបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង ដែលកំពុងគំរាមកំហែងខ្លាំងលើឧបទ្វីបកូរ៉េ។

ដំបូងឡើយ ប្រធានាធិបតីអាមេរិករូបនេះ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា រវាងកូរ៉េទាំង២ ប៉ុន្ដែដោយសរបញ្ហាអាកាសធាតុ ទើបលោកសម្រេចលុបគម្រោងនេះចោលតែម្ដង។

កន្លងមក រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា នឹងមិនអនុញ្ញាត្តិឲ្យមានសង្គ្រាមផ្ទុះឡើង នៅឧបទ្វីបកូរ៉េនោះឡើយ។ សង្គ្រាមឧបទ្វីបកូរ៉េកន្លងមក បានបំផ្លាញគ្រាប់យ៉ាង ទម្រាំបានកសាងរីកចម្រើនក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់ និងលើពិភពលោក។ ទាំងនោះហើយ កូរ៉េខាងត្បូង មិនអនុញ្ញាត្តិឲ្យមានសង្គ្រាមកើតឡើង បំផ្លាញអ្វីគ្រប់យ៉ាងដែលកូរ៉េខាងត្បូងខិតខំនាពេលកន្លងមក៕ ម៉ែវ សាធី


ចែករំលែក៖