ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ជាមួយនឹងថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីជួញដូររក្សាទុកនិងប្រើប្រាស់ថ្នាំញៀន នៅស្រុកទឹកផុស និង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ ១.ឈុន ហម អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទី២.ឈ្មោះចំរើន សុវណ្ណារ៉ា អាយុ២០ឆ្នាំ ទី៣.ឈ្មោះអេង សុខុម អាយុ៥១ឆ្នាំ ទាំង២នាក់នេះ មានទីលំនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចឲ្យដឹងទៀតថា បន្ទាប់ពីស្រាវជ្រាវតាមនីតិវិធី នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា បានទទួលព័ត៌មានថា មានជនសង្ស័យម្នាក់ដែលស្គាល់ថាជមុខសញ្ញាចាស់ បានធ្វើសកម្មភាពចែកចាយថ្នាំញៀន ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងបានដាក់កម្លាំងតាមប្រមាញ់ចាប់បានជនសង្ស័យម្នាក់ឈ្មោះឈុន ហម និង បានឆែកឆេរ រកឃើញថ្នាំញៀនចំនួន៣កញ្ចប់ រួមនឹងវត្តុតាងមួយចំនួនទៀតផងដែរ ។

ក្រោយសាកសួរ សមត្ថកិច្ចបានឈានទៅកំណត់មុខសញ្ញាជនសង្ស័យចំនួន២នាក់បន្ថែមទៀត នៅក្រុងកំពង់ឆ្នាំង និងបានរកឃើញថ្នាំញៀន៧កញ្ចាប់ រួមនឹងឧបករណ៍ជក់មួយចំនួនផងដែរ ។ ក្នុងប្រតិបត្តិការរយៈពេល១ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀនចំនួន១០កញ្ចប់ ស្មើ៩,៤២ក្រាម ទូរស័ព្ទដៃ៣គ្រឿង ។

ជនសង្ស័យទាំង៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖