ព័ត៌មានទាន់ហេតុការណ៍៖

ករណីច្រានក្មេងប្រុសធ្លាក់ពីលើម៉ូតូតាមពិតជារឿងចូលលួចលុយផ្ទះលក់ចាប់ហួយសោះ

ចែករំលែក៖

ភ្នំពេញ៖ ករណីច្រានក្មេងប្រុសធ្លាក់ពីលើម៉ូតូនោះ គឺជារឿងក្រុមជនល្មើលចូលលួចលុយផ្ទះលក់ចាប់ហួយ ហើយសង្ស័យម្ចាស់ទាន់ ក៏ប្រតាយប្រតប់វាយបណ្តាលឲ្យរងរបួស ​លុះពួកគេប្រឹងជិះគេចខ្លួនបានពាក់កណ្តាលផ្លូវ ក៏ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ស្ត្រីម្នាក់ឈ្មោះ រាជ សុធន់ បានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគាត់កំពុងលាងម៉ូតូនៅចំណុចខាងលើ ស្រាប់តែឃើញក្រុមក្មេងស្ទាវមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស្គូបពីពណ៌ស មិនចាំស្លាកលេខ ជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញក្មេងប្រុសនោះធ្លាក់ពីលើម៉ូតូ ហើយគាត់ក៏ស្រែកថា ធ្វើអីនឹង ពេលនោះយុវជនស្រីប្រុស ក៏នាំគ្នាជិះម៉ូតូទៅបាត់ទុកក្មេងប្រុសនោះចោល។

ភ្លាមៗនោះ ប្រជាពលរដ្ឋហៅរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអន្លង់ក្ងាន ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជួនទៅមន្ទីរពេទ្យគុន្ធបុប្ផាបន្ត។

ប្រភពពីបងប្អូនផ្ទះលក់ចាប់ហួយដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថានៅមុនពេលកើតហេតុមានក្រុមក្មេងស្ទាវប្រុសស្រីចំនួន៣នាក់ ជិះម៉ូតូម៉ាកស្គូបពីពណ៌សមិនចាំស្លាកលេខបានមកឈប់នៅមុខផ្ទះប្អូនរបស់គាត់ ហើយក៏មានក្មេងប្រុសម្នាក់ក្នុងចំណោម៣នាក់(ក្មេងរងគ្រោះ)បានចូលទៅលួចយកកំប៉ុងដាក់លុយបាន ប៉ុន្តែដោយសារម្ចាស់ផ្ទះឃើញទាន់ ក៏ប្រតាយប្រតប់ដណ្តើមយកលុយបានវិញហើយក៍វាយបណ្តាលអោយរបួសហើយក្រុមជនសង្ស័យ
ក៏រត់ឡើងជិះម៉ូតបក្ខពួកដែលឈប់ចាំនោះបំណងគេចខ្លួន លុះជិះទៅដល់កន្លែងកើតហេតុទំនងជាជនសង្ស័យអស់កម្លាំងក៏៍ធ្លាក់ពីលើម៉ូតូតែម្តង ហើយក្រុមជនសង្ស័យភ័យខ្លាចគេចាប់បានក៏ជិះម៉ូតូរត់បានស្រមោល។

បន្ទាប់សមត្ថកិច្ចផ្នែកជំនាញខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុត្រួតពិនិត្យនិងស្រាវជ្រាវឃើញថា ក្មេងប្រុសរងគ្រោះនោះគឺជាក្រុមជនសង្ស័យដែលធ្វើសកម្មភាពចូលលួចយកលុយរបស់ប្រជាពលរដ្ឋផ្ទះលក់ចាប់ហួយពិតប្រាកដមែន ​តែម្ចាស់ផ្ទះដណ្តើមបានវិញ។

ប៉ុន្តែដោយសារម្ចាស់ផ្ទះមិនបាត់បង់លុយកាក់ ទើបមិនមានការប្តឹងផ្តល់អ្វីទេ។ ចំណែកក្មេងប្រុសដែលរបួសធ្ងន់នោះពុំស្គាល់អត្តសញ្ញាណទេ៕ តុង សីហា

 


ចែករំលែក៖