ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងបង្រ្កាបទីតាំងទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតរួមទាំងដកហូតម៉ូតូ២៦គ្រឿង

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជាម្ចាស់ទីតាំងទទួលផលចោរកម្ម និងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន និងដកហូតម៉ូតូចំនួន២៦គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាតការតាមច្បាប់ ។

ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនសង្ស័យជាម្ចាស់ទីតាំងមានឈ្មោះ ជ្រូ គីមស្រ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកក្នុងការបង្រ្កាបទីតាំងនេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន២៦គ្រឿង ក្នុងនោះម៉ាកហុងដាគុមជ្រុង ធុនសេ៩០ ចំនួន២គ្រឿង ,ម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៧០ ចំនួន១គ្រឿង ,ម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ចំនួន៤គ្រឿង ,ម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៩០ ចំនួន២គ្រឿង ,ម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ចំនួន៤គ្រឿង ,ម៉ូតូម៉ាកហុងដា អ៊ែប្លេក ចំនួន១គ្រឿង ,ម៉ូតូម៉ាកហុងដា ស្កុបពី ចំនួន១គ្រឿង ,ម៉ូតូម៉ាកហុងដា MSX ចំនួន១គ្រឿង ,ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ចំនួន២គ្រឿង ,ម៉ូតូម៉ាកស៊ុយហ្ស៊ូគីណូវ៉ូ ចំនួន១គ្រឿង ,ម៉ូតូម៉ាកហុងដា អាយខុន ចំនួន១គ្រឿង ,ម៉ូតូម៉ាកយ៉ាម៉ាហា ចំនួន១គ្រឿង ,ម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ចំនួន១គ្រឿង ,ម៉ូតូម៉ាកហុងដា STR ចំនួន១គ្រឿង និងម៉ូតូម៉ាកហុងដា វ៉េវ ចំនួន១គ្រឿង ។

ប្រភពដដែលបន្ដថា នៅវេលាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០និង១០នាទីព្រឹក ដោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ មានការសម្របសម្រួលពីលោកសេង រិទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានបង្រ្កាបត្រួតពិនិត្យឆែកឆេរទីតាំងទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតិរបស់ឈ្មោះ ជ្រូ គីមស្រ៊ី បានប្រទះឃើញម៉ូតូចំនួន២៦គ្រឿងដូចបានរៀបរាប់ខាងលើ ដោយពុំមានលិខិតស្នាមសំគាល់ម៉ូតូទាំងអស់នោះឡើង រហូតឈានដល់ចាប់ខ្លួនជនសង្ស័យដែលជាម្ចាស់អជីវកម្មរួចទាំងវត្ថុតាងជាក់ស្ដែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជ្រូ គីមស្រ៊ី បានសារភាពថា ខ្លួនទទួលទិញម៉ូតូខាងលើនេះ តម្លៃ ២០ម៉ឺនរៀលទៅ ១លានរៀល ក្នុង១គ្រឿង ទៅតាមប្រភេទម៉ូតូ ដោយគ្រាន់តែធ្វើលិខិតទិញលក់តែប៉ុណ្ណោះ បើហួសកំណត់កិច្ចសន្យាខ្លួន នឹងយកលក់ម៉ូតូនេះបន្ត ។ ជនសង្ស័យឈ្មោះ ជ្រូ គីមស្រ៊ី បានអះអាងទៀតថា ខ្លួនពុំមានច្បាប់អនុញ្ញាតប្រកបរបរអាជីវកម្មទេ ៕ ស្អាងជ័យ


ចែករំលែក៖