ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យងុយដេកខ្លាំង បើករថយន្តបុករបាំងស្ពានថ្មស្លាប់តែម្នាក់ឯង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ទំនងជាងុយដេកខ្លាំង បានបើករថយន្តទៅបុកបង្កាន់ដៃស្ពានថ្ម ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមមួយរំពេច និងធ្វើឲ្យរថយន្តខូចខាត យ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងឡើងកាលពីព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខក្រុមហ៊ុនភេស៊ីហ្វិច ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ឈ្មោះ រ៉ន រែន ភេទប្រុស អាយុ ៣២ឆ្នាំ មាន ទីលំនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ បើករថយន្តកាមរី (គូទប៉ោង)ពណ៌សំបកឪឡឹក ធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ក្នុងទិសដៅពីខេត្តរតនគិរីឆ្ពោះទៅខេត្តស្ទឹងត្រែង ។ លុះជិះមកដល់ស្ពានថ្មត្រង់ចំណុចទល់មុខក្រុមហ៊ុនភេស៊ីហ្វិចស្រាប់តែ រថយន្តរេចង្កូតទៅបុករបាំងស្ពានថ្មបណ្តាលឱ្យក្រឡាប់ស្លាប់អ្នកបើកបរនៅក្នុងរថយន្តតែម្នាក់ឯង ដែលករណីនេះគេសង្ស័យថា ជនរងគ្រោះទំនងជាងុយដេក ហើយដេកលក់មួយភាំង ពេលកំពុងបើកបរទើបបើកបុករបាំងស្ពានថ្មទាំងកំរោលយ៉ាងនេះ ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ស្រុក កោះញែក បានទៅដល់វាស់វែងយករថយន្តទៅរក្សាទុក និងបានស្រាវជ្រាវតាមអត្តសញ្ញាណប័ណ្ណរកក្រុមគ្រួសារដើម្បីទទួលយកសពធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖