ភ្នំពេញ៖ ក្រោយត្រូវព្រះរាជអាជ្ញារង អនុញ្ញាតឱ្យត្រឡប់ទៅវិញម្តង ឥឡូវនេះឧកញ៉ា ជួប ច័ន្ទ ត្រូវបានចាប់ខ្លួនសាជាថ្មី ដើម្បីសាកសួរបទល្មើសចេញសែកគ្មានសាច់ប្រាក់ជាង៣លានដុល្លារអាមេរិក ។ លើកនេះ ឧកញ៉ាជួប ច័ន្ទ ទំនងគេចមិនផុតពីពន្ធនាគារទេ ។ នគរបាលបញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ នឹងត្រូវបញ្ជូនមកតុលាការ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ដើម្បីប្រគល់ជូនលោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។
ឧកញ៉ា ជួប ច័ន្ទ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបទល្មើស”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ផ្ទះលេខ៥៤ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ តាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់។
លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ បញ្ជាក់ក្នុងដីកាបង្គាប់ឱ្យនាំខ្លួនថា ជនត្រូវចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទមជ្ឈិម ដែលច្បាប់កំណត់ដាក់ពន្ធនាគារ និង បានបង្កឱ្យមានពន្យសកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃជាបុគ្គលឯកជន និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ ដើម្បីចៀសវាងការរត់គេចរបស់ជនត្រូវចោទ និងធានាការស៊ើបសួរឱ្យបានពេញលេញ សម្រេចនាំខ្លួន ជួប ច័ន្ទ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំំភ្លឺការពិត។
ប្រភពព័ត៌មាន បញ្ជាក់ថា ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយក្រុមហ៊ុនលោកលីវ វុទ្ធី និងលោកឧកញ៉ា គឹម កៅ ជាឪពុក លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមកលោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ដោយបានកំណត់ ឱ្យទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។
ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យចូលបំភ្លឺលើពាក្យបណ្តឹងនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឧកញ៉ា ជួប ច័ន្ទ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនម្តងរួចហើយ ពាក់ព័ន្ធករណីនេះ តាមការឯកភាពឱ្យឃាត់ខ្លួនរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក្រោយការសួរនាំ ក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនេះ ដោយសារយោងលើ «ដីកាសម្រេចរក្សាការពារ ស្តីពីការរឹបអូសជាបណ្ដោះអាសន្ន» លេខ២៩៧”ង”ដ.រ ចេញដោយលោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ។
មន្ត្រីដដែលបានបន្តថា យោងតាមដីកាសម្រេចរក្សាការពារ ស្តីពីការរឹបអូសជាបណ្ដោះអាសន្ន នេះ គឺសបញ្ជាក់ឱ្យឃើញថា សែកនេះត្រូវបានអស់សុពលភាពហើយ។ ដូច្នេះ វាមិនអាចបង្កើតបានជាបទល្មើសទេ។ ទោះបីយ៉ាងណា មន្ត្រីដដែលសង្កត់ធ្ងន់ថា «ឧកញ៉ា ជួប ច័ន្ទ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមែន តែនីតិវិធីតុលាការនៅដដែល»៕ចេស្តា