ខេត្តកណ្ដាលៈ បុរសជាឪពុកម្នាក់ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន បើកបររេវិចទ័រប្រភេទលើកថ្ម ថយក្រោយ បណ្ដាលឲ្យកិនកូនស្រីរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង០៥នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា កុមារីរងគ្រោះបាត់បង់ជីវិតឈ្មោះ ទុំ សុខណា អាយុ៣ឆ្នាំ រីឯជនបង្កជាឪពុកឈ្មោះ ទូក អ៊ំ អាយុ៣១ឆ្នាំ ។ ឪពុកនិងកូនបច្ចុប្បន្នស្នាក់ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ ឪពុកកុមារីរងគ្រោះ(ជនបង្ក)បានបើករេវិចទ័រទៅលើកថ្មនៅក្នុងការដ្ឋានមួយកន្លែង ខណៈដែលកូនស្រីរបស់ខ្លួនកំពុងអង្គុយលេងនៅក្បែរនោះ លុះបើកទៅបើកមកថយក្រោយមិនប្រុងប្រយ័ត្នក៏ជ្រុលទៅកិនកូនស្រីរបស់ខ្លួនដែលកំពុងអង្គុយនៅទីនោះបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចុះទៅពិនិត្យ រួចបញ្ជាក់ថា កុមាររងគ្រោះពិតជាស្លាប់ដោយសាររេវិចទ័រកិនប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ