ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ទាំងព្រឹក ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចតែគេចមិនផុត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនិស្សិតស្រីម្នាក់ បានសម្រេចហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានដេញតាមចាប់ក្របួចជាប់ទាំង២នាក់និងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ២៤ផ្លូវ លេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នោះទី ១-ឈ្មោះ ឡាច ឋាន: ហៅ ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្សាច់ ឃុំអរិក្ស័ត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ទី២-ឈ្មោះ សុឹម សីហា ហៅ សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ទា ហ៊ុយភា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅផ្ទះលេខ១៤៦ ផ្លូវលេខ២៤៧ ក្រុមទី៣៩ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUAWEI GR52017ពណ៌ខ្មៅ សុីមលេខ 098337897 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ) , ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1
E-3930 ដែលមានលេខតួ និងលេខម៉ាសុីន:8909095 ( ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ) ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០៧:២០នាទីព្រឹកជនរងគ្រោះឈ្មោះ ទា ហ៊ុយភា បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-7032 ចេញពីផ្ទះក្នុងគោលបំណងទៅរៀន នៅសាលា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជនរងគ្រោះបានដាក់ទូស័ព្ទដៃនៅក្នុងហោប៉ៅរងារខាងឆ្វេង និងមានកាសស្ដាប់នៅនឹងត្រជៀក ទាំងសងខាង ជិះតាមបណ្ដោយផ្លូវ លេខ២៦១ ពីត្បូងទៅជើង លុះពេលជនរងគ្រោះជិះម៉ូតូមកដល់មុខផ្ទះលេខ២៤ ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ឈ្មោះ ឡាច ឋាន: ជាអ្នកបើកម៉ូតូ និង ឈ្មោះ សុឹម សីហា ជាអ្នកជិះពីខាងក្រោយ បានធ្វើសកម្មភាពឆក់ ដោយជិះមកពីខាងក្រោយខាងឆ្វេងដៃជនរងគ្រោះរួចជនសង្ស័យឈ្មោះ សុឹម សីហា បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្នុងហោប៉ៅអាវជនរងគ្រោះ ហើយជិះគេចខ្លួន ភ្លាម នោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយរួចស្រែកថាចោរៗ ពេលនោះកំលាំងយើងដែលធ្វើការល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ឃើញក៏ធ្វើអន្តរាមគន៍ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ជាក់ស្ដែង រួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។ ទូរស័ព្ទដៃរបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់ សមត្ថកិច្ចយើងបានធ្វើការប្រគល់ ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានជនសង្ស័យម្នាក់ ឈ្មោះ សុឹម សីហា ហៅ សីហា ជាមុខសញ្ញាធ្លាប់ពន្ធនារ ម២ ព្រៃស ពីបទហិង្សាដោយចេតនា កាលពីឆ្នាំ២០១៣ និងបានយកទឹកនោមជនសង្ស័យទាំងពីរនាក់ខាងលើមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន ( មានសារធាតុញៀន )ផងដែត ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស តារា


ចែករំលែក៖