ព័ត៌មានទាន់ហេតុការណ៍៖

ច្រកបឹងឆ្នាំង ច្រកអូររំដួល ច្រកដូង និងច្រកមុឺនជ័យ សមត្ថកិច្ច និងគយអនុញ្ញាតឲ្យនាំ ជើង ចុងស្លាប ជង្គង់ គ្រឿងក្នុងមាន់ ទា ប្រហិត ក្រួច ចូលដោយខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង+ព្រៃវែង៖ បច្ចុប្បន្ននេះយ៉ាងតិចក៏មានច្រកចំនួន៤ ត្រូវបានសមត្ថកិច្ចគ្រប់ស្ថាប័នប្រចាំច្រកទាំងនោះអនុញ្ញាតឲ្យឈ្មួញនាំចូល នូវចុងស្លាប ជង្គង់ គ្រឿងក្នុង សាច់មាន់-ទា ទាំងរស់ និងដាក់ទឹកកក ក៏ដូចជាប្រហិតគ្រប់ប្រភេទ ដែលជាផលិតផលមានដើមកំណើតពីសត្វ ចូលយ៉ាងអនាធិបតេយ្យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះមានច្រកបឹងឆ្នាំង ដែលជាច្រករបៀងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សមត្ថកិច្ចអនុញ្ញាតឲ្យនាំកូនមាន់ កូនទា មាន់រស់ ទារស់ ចូល ដោយគ្មានការពិនិត្យសុខភាពសត្វពីជំនាញពេទ្យសត្វ ខណៈច្រករបៀងនេះ មានតែកម្លាំងយោធា និងនគរបាលព្រំដែន។

ជាក់ស្តែងរៀងរាល់ម៉ោង៧យប់គឺមានរថយន្តចំណុះ៥តោន រថយន្តនីសាន់ និងរថយន្តយីឌុប ចូលទៅលើកកូនមាន់ កូនទា មាន់រស់ ទារស់ ដាក់ឡាន ហើយម៉ោង១២ឬម៉ោង១រំលងអាធ្រាត គឺដឹកចេញយកមកចែកចាយក្នុងស្រុក។ ច្រករបៀងបឹងឆ្នាំងនេះគឺមានឈ្មួញឈ្មោះ វណ្ណា ដឹកមាន់រស់ ទារស់ ទ្រង់ទ្រាយធំជាងគេ និងប្រើរថយន្តយីឌុបធ្វើជាមធ្យោបាយដឹកជញ្ជូន យកទៅចែកចាយនៅខេត្តបន្ទាយមានជ័យ។ ដោយឡែកច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាទម្លាប់ខាងនគរបាលអន្តោប្រវេសន៍ ពេទ្យសត្វ គយ កុងត្រូល បានអនុញ្ញាតិឲ្យឡានធំៗកង់១០ចូលទៅដឹកពីទឹកដីថៃយ៉ាងតិច១ថ្ងៃមានឡាន២ទៅ៤គ្រឿង ដឹកប្រហិតគ្រប់ប្រភេទចាប់ពីម៉ោង២ឬម៉ោង៣រសៀល ហើយម៉ោង៦ល្ងាចឬដល់ម៉ោង៩យប់ ឡានទាំងនោះដឹកប្រហិតចេញមកវិញ បើកកាត់មុខសមត្ថកិច្ចគ្រប់ស្ថាប័នប្រចាំច្រកអូររំដួលនេះ តែគ្មានអ្នកត្រួតពិនិត្យសុខភាព ដោយគ្រាន់តែគេធ្វើឯកសារប្រតិវេទន៍គយបង់ពន្ធ១ឡាន ត្រឹមតែ៥ទៅ៦តោនប៉ុណ្ណោះ ហើយដឹកមួយឡានយ៉ាងតិចត្រឹម១២ទៅ១៥តោនបន្លំពន្ធយ៉ាងរលូន។

មន្ត្រីជំនាញពេទ្យសត្វក៏ដូចជាខាងកាំកុងត្រូលបានឲ្យដឹងថា៖ សកម្មភាពដឹកប្រហិតផលិតផល មានដើមកំណើតពីសត្វគឺច្បាប់មិនអនុញ្ញាតិឲ្យនាំចូលឡើយ ព្រោះជាប្រភេទទំនិញជាប់អាញ្ញាតិ្ដ ។ តែបើមានលិខិតពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទើបមានសិទ្ធបង់ពន្ធនាំចូល និងមានការពិនិត្យបានត្រឹមត្រូវពីជំនាញពេទ្យសត្វក៏ដូចជាកាំកុងត្រូល មិនមែនគយចេញ ប្រតិវេទន៍ បង់ពន្ធបែបលោតឆ័ត្រយ៉ាងនេះទេ។ ម្យ៉ាងទៀតការអនុញ្ញាតិឲ្យនាំចូលប្រហិតដោយខុសច្បាប់ ប្រឈមនិងហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគ ខណះមិនបានពិនិត្យឲ្យបានត្រឹមត្រូវពីជំនាញ ពេទ្យសត្វ កាំកុងត្រូល មានន័យថា៖ អស់លោកសមត្ថកិច្ចពាក់ព័ន្ធនិងប្រយោជន៍ដោយអំពើឃុបឃិតគ្នា ពុករលួយជាមួយឈ្មួញមានចេតនាសម្លាប់ពលរដ្ឋដែលជាបរិភោគជាលក្ខណះប្រយោល?

ចំពោះច្រកដូង ឋិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងវិញ គឺខាងនគរបាលអន្តោប្រវេសន៍ ពេទ្យសត្វ គយ កុងត្រូល បានអនុញ្ញាតិឲ្យឡានធំៗកង់១០ចូលទៅដឹក ចុងស្លាបមាន់ គ្រឿងក្នុងមាន់ ជង្គង់មាន់ សាច់មាន់ដាក់ទឹកកក យ៉ាងអនាធិបតេយ្យយកមកចែកចាយនៅរាជធានីភ្នំពេញ។ ជុំវិញបញ្ហាទាំងអស់នេះគួរតែលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ក៏ដូចជាលោកអគ្គនាយកដ្ឋានកាំកុងត្រូល មេត្តាពិនិត្យមើលពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនិងការអនុញ្ញាតិឲ្យនាំសត្វរស់ សត្វស្លាប់ និងប្រហិតជាផលិតផលមានដើមកំណើតពីសត្វមិនត្រូវឲ្យហូរចូលដោយអនាធិបតេយ្យបំផ្លាញសុខភាពប្រជាពលរដ្ឋបែបនេះផង។

នៅច្រកមុឺនជ័យ ខេត្តព្រៃវែងពីមុនឈើឆ្លងទៅវៀតណាយ៉ាងគឃ្លើន បច្ចុប្បន្នច្រកនេះបានអនុញ្ញាតិឲ្យឈ្មួញនាំសត្វក្រួចដាក់ទឹកកកចូលមានប្រភេទឡានចំណុះ៥តោន និង២.៥តោន ។ ជាទម្លាប់ឈ្មួញចូលទៅដឹកក្រួចនៅទឹកដីវៀតណាមដែលមានចំងាយជិត៣០០ម៉ែត្រពីច្រកព្រំដែន ។ ចំពោះខាងឈ្មួញវៀតណាមបានដឹកគេចសមត្ថកិច្ចចូលតាមព្រៃនិងឆ្លងកាត់ផ្លូវលំបាក ជួនជាប់ផុង ដោយសារតែសត្វក្រួចទាំងនោះមិនបានឆ្លងកាត់ការពិនិត្យសុខភាពពីសមត្ថកិច្ចជំនាញខាងវៀតណាម គឺក្រួចប្រើសារធាតុគីមី និងដាក់ចូលកេះទឹកកកកុំឲ្យស្អុយតែប៉ុណ្ណោះ។

ឈ្មួញដែលដឹកក្រួចមានសារធាតុគីមីគឺនិយមហៅថា៖« រតនាស្រីម៉ៅ»ដឹកចេញពីច្រកមុឺនជ័យចាប់ពីម៉ោង១២ឬម៉ោង២រំលងអាធ្រាតចូលមកភ្នំពេញវាងតាមផ្លូវស្ពានអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលមានការហូរទឹកតាមផ្លូវរហូត។

ករណីឈ្មួញដឹកសាច់មាន់ទឹកកក ចុងស្លាបមាន់ ជង្គង់មាន់ មាន់រស់ ទារស់ កូនមាន់ កូនទា ប្រហិតផលិតផលមានដើមកំណើតពីសត្វដូចជាមកច្រករបៀងបឹងឆ្នាំង ច្រកអូររំដួល ច្រកដូង ខេត្តបាត់ដំបង និងច្រកមុឺនជ័យ ខេត្តព្រៃវែង គឺមានសមត្ថកិច្ចជាច្រើនស្ថាប័នតាំងពីមាត់ច្រក តាមខេត្ត ពិសេសគយវិញមាត់ច្រកក៏មាន តាមខេត្តក៏មាន គយចល័ត តាមផ្លូវដ៏ប្រសេចប្រសាចទៀតក៏មាន រហូតដល់ភ្នំពេញ តែមិនបានរវីរវល់គិតគូរឿងទប់ស្កាត់ ដឹងតែចាំរាប់ក្បាលឡានយកលុយយ៉ាងតិចមួយកន្លែង៣០មុឺនទៅ៥០មុឺនរៀល ក្លាយទៅជាទំលាប់ដែលអ្នកបើកបរយកលុយចូលបង់ឲ្យទៅហើយ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង មិនបានធ្វើអត្ថាធិប្បាយទេ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា៖ កំពុងជាប់មានធុរៈប្រជុំនៅខេត្តប៉ៃលិន អាចទំនាក់ទំនងសួរទៅអនុប្រធានសាខា។ លោកអនុប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបំបងបានប្រាប់តាមទូរស័ព្ទថា៖ បញ្ហាច្រកមិនបានពាក់ព័ន្ធនិងការងារលោកនៅសាខាទេ ម្យ៉ាងបើគេឲ្យដឹកចូល មានន័យថាគេមានច្បាប់ហើយ តែបើអត់ច្បាប់គឺខុស។

ចំណែកមេគយខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង និងមេគយខេត្តព្រៃវែង ដែលទំនិញជាប់អាញ្ញាត្តិទាំងនេះដឹកឆ្លងកាត់បង់ប្រាក់ មិនអាចទាក់ទងសុំការបំភ្លឺបានទេនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ ខ្ញុំទទួលស្គាល់ថាមានការនាំចូលទំនិញជាប់អាញ្ញាត្តិនាំចូលដូចជាផលិតផលមានដើមកំណើតពីសត្វ ដោយមិនមានលិខិតអនុញ្ញាតិពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខណះខ្ញុំខ្វះសមត្ថកិច្ចនិងមន្ត្រីធ្វើកិច្ចការនេះនៅតាមមាត់ច្រក ព្រំដែនជាដើម។ លោករដ្ឋមន្ត្រីបន្តថា៖ ករណីខ្លះនាំចូលមានច្បាប់ តែបើការដឹកជញ្ជូននាំចូលក្នុងស្រុកគ្មានលិខិតអនុញ្ញាតិលោកនឹងចាប់។ ម្យ៉ាងទៀតបើមានលិខិតអនុញ្ញាតិពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ទើបគេអាចស្នើសុំធ្វើឯកសារប្រតិវេទន៍បង់ពន្ធនាំចូលបាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកទប់ស្កាត់ពីការនាំចូលដោយខុសច្បាប់លើបញ្ហាទាំងនេះ។ បើទោះជាលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ វេង សាខុន មានប្រសាសន៍បែបនេះក៏ដោយ តែមន្ត្រីខ្លះបានទម្លាយថា៖ រាល់ការដឹកជញ្ជូនប្រហិត សត្វគ្រប់ប្រភេទគេចមិនផុតពីក្រសែភ្នែកលោកអគ្គនាយក អគ្គនាយកដ្ឋានបសុព្យាបាលបានឡើយ ដែលគេដាក់ភាពសង្ស័យផងដែរថា៖ លោកអគ្គនាយករូបនេះបានពាក់ព័ន្ធនិងលាភណាមួយពីឈ្មួញ ខណះមេមន្ត្រីពេទ្យសត្វតាមរាជធានី-ខេត្តព្រងើយកន្តើយនិងទប់ស្កាត់បទល្មើសដឹកជញ្ជូនសត្វក៏ដូចជាផលិតផលមានដើមកំណើតពីសត្វ និងជាញឹកញាប់លោកអគ្គនាយកបសុព្យាបាលថែមទាំងចេញមកអន្តរាគមន៍ ពេលសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូនបទល្មើសនេះ និងបញ្ជាឲ្យមេពេទ្យសត្វធ្វើយ៉ាងណាអនុវត្តច្បាប់ត្រឹមតែធ្វើឯកសារផាកពិន័យលើមធ្យោបាយដឹកជញ្ជូនដូចជាឡានតែប៉ុណ្ណោះ។

ករណីនេះ មិនអាចទាក់ទងសុំការពន្យល់ណាមួយបានទេពីលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូវបានទេ ដោយគ្មានលេខទូរស័ព្ទ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

គួររំលឹកថា៖ ចំពោះផលិតផលមានដើមកំណើតពីសត្វនេះប្រឈមនិងគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាអ្នកបរិភោគណាស់ ពីព្រោះថាអ្នកផលិតខ្លះដែលមានចេតនាទុច្ចរិតឬធ្វើពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ ផលិតបន្លំពីសាច់ជ្រូកដាក់ក្លិនឲ្យទៅជាផលិតផលប្រហិតសាច់គោ ពីសាច់ជ្រូកឲ្យមានក្លិនជាប្រហិតគ្រឿងសមុទ្រ ដោយសារគ្រឿងសមុទ្រ សាច់គោ មានតំលៃខ្ពស់ជាងសាច់ជ្រូក ដូច្នេះគេប្រើតែជាតិក្លិនជាសាច់គោ គ្រឿងសមុទ្រជាដើម តែធាតុពិតផលិតពីសាច់ជ្រូក សាច់មាន់ និងសង្ស័យថាសាច់គ្មានគុណភាព មាន់មិនបានពិនិត្យសុខភាព សាច់ជ្រូកក្រហមដែលមានហានិភ័យខ្ពស់ប៉ះពាល់សុខភាព ដូចជាបញ្ហារោគស្ត្រីជាដើម គឺបណ្តាលឲ្យកើតរោគមហារីកសុដន មហារីកស្បូន ខណះគេឲ្យសត្វជ្រូកសុីចំណីដែលមានអកម៉ូនច្រើន ឆាប់ធំបានលក់នោះ។

ប៉ុន្តែមួយរយះនេះគេបានឃើញពីសកម្មភាពខាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះបង្ក្រាបបានជាច្រើនករណី ក្នុងនោះមានឡេ មានផលិតផលក្លែងក្លាយជាង៨១តោន ត្រូវបានដុតកំទេចចោលក្រោមអធិបតី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដ៏ដូចជាបន្តយន្តការបង្ក្រាបចំណី របស់ដែលដាក់ចូលមាត់តាមការបញ្ជាពីសម្តេចក្រឡាហោម ស ខេង នោះ៕ សុខ ខេមរា

 


ចែករំលែក៖