ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដោយមានកម្លាំងចម្រុះចូលរួម មាន កម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធខណ្ឌ, កម្លាំងសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ច្បារអំពៅ២និងដោយមានការអនុញ្ញាតពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង បានចុះបង្ក្រាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់មួយកន្លែងរឹបអូសទូហ្គេមបាញ់ត្រីមួយគ្រឿង ។
ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចផ្ទះលេខ៤៨៣ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ។
លោក ណុប ផា បានប្រសាសន៍ ដោយដឹងថា ទីតាំងខាងលើមានបើកល្បែងហ្គេមខុសច្បាប់ធ្វើឲ្យមនុស្សមួយចំនួន ជាពិសេសសិស្សសាលាចូលទៅលេងភ្លេចការរៀនសូត្រឬបោះបង់ការសិក្សា និងបំផ្លាញទ្រព្យសម្បត្តិអាណាព្យាបាល និងនិយាយដោយឡែក វាក៏ជាទីផ្តល់ ជម្រកសម្រាប់ជនសង្ស័យសេពគ្រឿងញៀននិងប្រព្រឹត្តបទល្មើសផ្សេងៗដែរនោះទើបគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ សម្រេចទៅបង្រ្កាប ។
លោកណុប ផា បន្តថា ប្រតិបត្តិការនេះកម្លាំងចម្រុះបានដកហូតវត្ថុតាងមាន ទូហ្គេមបាញ់ត្រី១គ្រឿង ។ ចំណែកមនុស្សបានគេចខ្លួនអស់ នៅពេលសមត្ថកិច្ចយើងចុះទៅដល់។
បច្ចុប្បន្ន វត្ថុតាងទូហ្គេមបាញ់ត្រី១គ្រឿងនេះ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌច្បារអំពៅ រង់ចាំវាយកម្ទេចចោលនៅពេលក្រោយ ៕ ប្រាថ្នា