ចិន និងឥណ្ឌា ជាប្រទេសរងផលប៉ះ ពាល់ខ្លាំងជាងគេ ដោយសារតែបម្រែ បម្រួលអាកាសធាតុ ហើយប្រទេសទាំង២ក៏បានបញ្ចេញជាតិពុលចូលទៅក្នុងបរិយាកាសច្រើនជាងគេផងដែរ។ កន្លងមកចិនបានប្រកាសអាសន្នពណ៌ទឹកក្រូច ពីផ្សែង ពុល នៅទីក្រុង សៀងហៃ និងទីក្រុងប៉េកាំង ព្រមទាំងទីក្រុងជាច្រើនទៀតនៅក្នុងប្រទេស ចិន។
ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាស ធាតុរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេច បិទរោងចក្រដើរដោយថាមពលធ្យូងថ្មជាច្រើនកន្លែងដើម្បីកាត់បន្ថយផ្សែងពុល បញ្ចេញចូលក្នុងបរិយាកាស។
ក្រៅពីប្រទេសចិននេះ ឥណ្ឌាក៏បាន ប្រកាសអាសន្នពីផ្សែងអ័ព្ទពុលនៅរដ្ឋធានីញូវដេលីអូសបន្លាយជាច្រើនថ្ងៃ។ រដ្ឋា ភិបាលបានហាមប្រាមមិនឲ្យរថយន្តធំៗ និងរថយន្តដឹកជញ្ជូនសាធារណៈធ្វើចរា ចរណ៍ឡើយ។ នេះជាថ្ងៃទី៣ហើយ គិត មកដល់ថ្ងៃទី៩ ខែវិច្ឆិកា ដែលខ្យល់អាកាស អាប់អួ។
នៅក្នុងក្រុងញូវដេលី មានការដុតកម្ទេច កម្ទីដែលខុសច្បាប់នៅតាមកសិដ្ឋាននានាតាមបណ្តារដ្ឋ ហើយរថយន្តជាច្រើនបាន បញ្ចេញចំហេះឥន្ធនៈដែលបង្កឲ្យមានភាពអាប់អួនៅក្នុងទីក្រុង។ ជាមួយគ្នានេះដែរ វិស័យដឹកជញ្ជូន និងសំណង់បានបង្កផលអាក្រក់ដល់ទីក្រុង ហើយបញ្ហានេះបាន កើតឡើងជារៀងរាល់ឆ្នាំ។
ក្រុមមន្ត្រីអាកាសធាតុបាននិយាយថា បញ្ហាត្រូវបានបូករួមទាំងលក្ខខណ្ឌផ្សេងៗទៀតដែលបានកើតឡើងនៅក្នុងឆ្នាំនេះ។ អាជ្ញាធរក្នុងទីក្រុងសម្រេចចិត្តបិទទ្វារ សាលាបឋមសិក្សា។
ទីក្រុងញូវដេលី ដែលមានប្រជាជនរស់ នៅជាង២០លាននាក់ កំពុងប្រឈមនឹងការបំពុលបរិយាកាសយ៉ាងខ្លាំងក្លាក្នុង រយៈពេល២ថ្ងៃជាប់ៗគ្នា ដោយសារតែទី ក្រុង ត្រូវគ្របដណ្តប់ទៅដោយស្រទាប់ ឧស្ម័នពុលពណ៌ប្រផេះ។
នៅក្នុងដងផ្លូវរដ្ឋធានីឥណ្ឌានេះ ប្រជា ជនអ្នកថ្មើរជើង បានខិតខំយកកំណាត់ មករុំមុខមាត់របស់ពួកគេ ដើម្បីការពារសុខ ភាព ប្រឈមមុខនឹងអាកាសធាតុពុល នេះ។
អ្នកលក់ទឹកតែឥណ្ឌាមួយរូប បានអះអាងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា” កាលពីឆ្នាំ១៩៨៤ នៅពេល ដែលគាត់ធ្វើដំណើរមកដល់ទីក្រុងញូវដេលី ទីក្រុងនេះ មានខ្យល់អាកាសបរិសុទ្ធតែឥឡូវនេះចាប់តាំងពីម៉ោង៤ភ្លឺទៅ គាត់ លែងមើលឃើញអ្វីទាំងអស់។
ប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀត ថា ភាពងងឹតសូន្យសុងនេះ គឺពុំមែន បណ្តាលមកពីអ័ព្ទនោះទេ តែគឺជាផ្សែង ពុលដែលនឹងធ្វើឲ្យប្រជាជននៅញូវដេលី កើតជំងឺអ្វីមួយជាមិនខាន។
ទន្ទឹមនឹងនេះ អាជ្ញាធរក្រុងបានចេញ បទបញ្ជាឲ្យបិទទ្វារសាលាបឋមសិក្សានៅថ្ងៃពុធកន្លងទៅនេះ ដែលធ្វើឲ្យកុមារញូវដេលីជាង២លាននាក់ ត្រូវខកខានទៅ សាលារៀន និងស្ថិតនៅក្នុងផ្ទះរបស់ពួក គេ។
ដោយសារការបំពុលបរិយាកាសខ្លាំងនៅរដូវស្លឹកឈើជ្រុះ និងនៅរដូវរងាក្នុង ទីក្រុងញូវដេលីនេះហើយ ទើបអង្គការ OMS ឬអង្គការសុខភាពពិភពលោក បានដាក់ចំណាត់ថ្នាក់ទីក្រុងញូវដេលីនៅក្នុងឆ្នាំ២០១៤ ថាជាទីក្រុងមួយដែលបំពុល បរិយាកាសដ៏ខ្លាំងក្លាជាងគេបំផុតនៅលើលោក។
មួយវិញទៀត អាកាសធាតុត្រជាក់ខ្លាំង និងអវត្តមានខ្យល់អាកាសល្អ បានបង្កឲ្យ ឧស្ម័នពុលដែលសាយភាយចេញពីរថយន្ត ឬរោងចក្រ និងរោងចក្រអគ្គិសនីស្រោប ជាប់នៅលើដី មិនងាយរលាយរលត់បាត់ ឡើយ ហើយសារធាតុពុលនេះ ក៏ជាកត្តា មួយអាចបង្កឡើងជាជំងឺបេះដូង និងជំងឺ មហារីកសួតជាដើម។
មួយវិញទៀត ការបំពុលបរិយាកាស នេះ ក៏ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង មួយសម្រាប់ ឥណ្ឌា ដែលជាប្រទេសមួយ មានប្រជាជនរហូតទៅដល់ជាង១ពាន់ លាននាក់៕ ម៉ែវ សាធី