ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ករណីគាស់សោផ្ទះយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើអាវុធភ្ជង់ប្លន់យក ម៉ូតូពីជនរងគ្រោះនិងមានករណីគាស់ផ្ទះយកម៉ូតូកាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា រួចមក កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់កាលពីម៉ោង១១ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំង ទី១ ចំណុចបន្ទប់ជួលផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទីតាំង ទី២នៅភូមិគោកចំបក់ សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាលបានប្រាប់ឲ្យដឹងថា ជន សង្ស័យទាំង៥នាក់នោះទី១-ឈ្មោះ សឿង សុបិន្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២-ឈ្មោះ វ៉ា បូរិន ហៅពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលំភូមិ​ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣-ឈ្មោះ ហេង លាងហុង ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(ទាំង៣នាក់នេះឃាត់នៅក្នុងសង្កាត់ទឹកថ្លាដកហូតបានដែកឆ្នៃកាច់កម៉ូតូមួយចំនួននិងម៉ូតូស្គូពី១គ្រឿងគ្មានស្លាកលេខ) ទី៤-ឈ្មោះ ជា កុយ ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅចំណុចបន្ទប់ជួលលេខ២២ភូមិគោកចំបក់ សង្កាត់កាកាប៣ ខណ្ឌពោធិ៍​សែនជ័យ និងទី៥-ឈ្មោះ ឆន ណារិទ្ធិ ភេទ​​ប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត​ប្រាកដ ស្នាក់នៅចំណុចបន្ទប់ជួលលេខ ២២ ភូមិគោកចំបក់ សង្កាត់កាកាប៣ ខណ្ឌ​ពោធិ៍សែនជ័យ (ដកហូតបានម៉ូតូ ២​គ្រឿង​ម៉ាកហុងដា សេ១២៥ សេ៊រីឆ្នាំ​២០១៥ មួយគ្រឿងនិងម៉ូតូវីវ៉ា ពណ៌ខ្មៅ១​គ្រឿង) ។

មន្រ្តីដដែលបានបន្តទៀតថា មុនឈានទៅឃាត់ក្រុមជនសង្ស័យទាំង៥នាក់ខាងលើនេះ គឺកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ចបានទទួលពាក្យ​បណ្តឹង​​​​ពី យុវជនម្នាក់ឈ្មោះ អ៊ាប រដ្ឋា អាយុ​២១ឆ្នាំ មុខរបរនិស្សិតស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខថា មានចោរមួយក្រុមបានគាស់សោបន្ទប់ចូលលួចយកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេ៊រីឆ្នាំ២០០៨ ឡើង​តែមឆ្នាំ​២០១០ ពាក់ស្លាកលេខ​តាកែវ 1C-8497 ។ បន្ទាប់មកសមត្ថកិច្ច បានស្រាវជ្រាវតាម រយៈកាមេរ៉ាសុវត្ថិភាព​ទើប​កំណត់មុខសញ្ញាបាន ហើយលុះដល់​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោ១១និង១០នាទីព្រឹកកម្លាំងសមត្ថកិច្ចបាន សហការគ្នាចុះបង្ក្រាប២គោលដៅខាង លើដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៥នាក់។ ក្នុងនោះកម្លាំងបានដកហូតសម្ភារៈល្មើសមួយចំនួននិងម៉ូតូ៣គ្រឿងដោយឡែកម៉ូតូជនរងគ្រោះដែលពួកគេ លួចយកទៅនោះត្រូវក្រុមសង្ស័យឲ្យបក្ខ ពួកម្នាក់ទៀតយកទៅលក់បាត់ហើយ ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៥នាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ចក៏ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ ម៉ូតូសូមយកឯកសារមក ផ្ទៀងផ្ទាត់នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបើឯកសារត្រឹមត្រូវសមត្ថកិច្ចនិង ប្រគល់ម៉ូតូនោះជូនបងប្អូនយកទៅប្រើ ប្រាស់វិញ ៕ តុង សីហា


ចែករំលែក៖