ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យជាង៣០ម្នាក់រត់តោងពីក្រោយរថយន្តដឹកទំនិញរបស់ជនជាតិថៃបណ្តាលឲ្យធ្លាក់រងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសវ័យជាង៣០ម្នាក់ បានរត់តោងរថយន្តដឹកទំនិញរបស់ជនជាតិថៃរបូតដៃធ្លាក់បណ្តាលឲ្យរងរបួសជាទម្ងន់កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសណ្ឋាគារសុង ដារ៉ា ឋិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ សុខ តុលា ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ(ស្នាក់នៅមិនប្រាកដ) មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ចំណែកម្ចាស់រថយន្តមានឈ្មោះសុ ធីណាន់ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិថៃមុខរបអ្នកបើកបររថយន្ត រស់នៅខេត្តហ្គោនគែន ប្រទេសថៃ បើកបររថយន្តប្រភេទដឹកទំនិញពាក់ស្លាក់លេខស្រះកែវ 70-1014។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញរបស់ជនជាតិថៃ ខាងលើបានបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងចូលទៅប្រទេសថៃ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបុរសរងគ្រោះខាងលើធ្លាក់ពីលើរថយន្តផ្នែកខាងក្រោយបណ្តាលឲ្យបែកក្បាល និងបាក់ជើងខាងស្តាំ។

បើតាមតៃកុងរថយន្តដែលជាជនជាតិថៃបានឲ្យដឹងថា៖ ខ្លួនមិនបានដឹងថាមានមនុស្សនៅខាងក្រោយរថយន្តនោះទេ ខណៈដែលកំពុងតែបើកក៏ស្រាប់តែមានមនុស្សធ្លាក់ពីលើរថយន្តរបស់ខ្លួនទៅវិញបង្កឲ្យមានការភ្ញាក់ផ្អើល។

អ្នករត់ម៉ូតូឌុបបានបញ្ជាក់ថា៖នាពេលកន្លងមកជនរងគ្រោះតែងតែដើរលើទ្រូងផ្លូវដោយមិនខ្លាចមានគ្រោះថ្នាក់កើតឡើងឡើយ សង្ស័យអាចជាមនុស្សសតិមិនគ្រប់។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចុះវាស់វែង និងខលហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីជួយសង្គ្រោះបន្ទាន់។

ដោយឡែករថយន្តរបស់ជនជាតិថៃត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយគ្នាជាក្រោយ៕ វណ្ណា


ចែករំលែក៖