ភ្នំពេញ៖ ករណីណែត២៤ម៉ោង នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ជាពិសេសនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ផ្លូវព្រះមុនីរ៉េត(២១៧) គេសង្កេតឃើញបើកលេងដំណើរការជារាល់ថ្ងៃយប់ នេះដោយសារតែម្ចាស់មូលដ្ឋានមិនអើពើចំពោះបញ្ហានេះឡើយ បើទោះបីជាមានការដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងពីសំណាក់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញយ៉ាងណាក៏ដោយ។
ម្ចាស់ទីតាំងហ្គេមភ្នាល់តាមអនឡាញជ្រកក្រោមស្លាក Net 24-H ឬហៅថាបំរើសេវាកុំព្យូទ័រនោះ នៅតែបន្តផ្គើនអាងខ្នងអ្នកនេះ អាងខ្នងអ្នកនោះ និងមានពេលខ្លះឈានដល់ហ៊ានដល់ព្រមានដល់អាជ្ញាធរទៀតផងដែរថា បើអស់លោក ណាម្នាក់ហ៊ានចុះបិទផ្អាក់ទីតាំងរបស់គេនោះ អាចប្រឈមនឹងបញ្ហាហើយ។ ជាពិសេសទីតាំង CH-Net និងA2-Net ជាដើម។
ប្រភពបានរាយការណ៍មកថា ទីតាំងអ៊ិនធើណែត២៤ម៉ោងលើ២៤ម៉ោងជាច្រើនកន្លែង នៅក្នុងអាណាចក្រខណ្ឌមានជ័យមានបង្កប់ល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ បៀរ បាល់ ដែលជាការឡាយផ្ទាល់(Live) ចេញពីបណ្តាកាស៊ីណូ។
បញ្ហាទាំងនេះនៅពេលដែលមានការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យប្រចាំខែម្តងៗនោះ គេឭស្ទើតែហ៊ឹងត្រជៀកទៅហើយពាក្យថា ចុះបង្ក្រាប់ឲ្យអស់នូវល្បែងស៊ីងសងគ្រប់ប្រភេទ ជាពិសេសទីតាំងណែត២៤ម៉ោងនេះឯង។ តែផ្ទុយទៅរហូតមកដល់បច្ចុប្បន្ននេះវាហាក់បីដូចជាគ្មានប្រសិទិ្ធភាពទាល់តែសោះ ពាក្យថា(បង្ក្រាប់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទនោះ គឺមាននៅតែលើបបូរមាត់តែប៉ុណ្ណោះ)។
ជុំវិញបញ្ហាខាងលើនេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យធ្លាប់បានបញ្ជាក់ហើយថា បញ្ហាល្បែងស៊ីសងទាំងឡាយហើយក្នុងការបង្ក្រាបនោះគឺលោកបានប្រគល់ភារកិច្ចនេះទៅឲ្យអភិបាលរងម្នាក់ជាអ្នកទទួលខុសត្រូវ អភិបាលរងនិមួយៗទទួលខុសត្រូវភារកិច្ចរៀងៗខ្លួន។ តែគាត់វាហាក់បីដូចជាកន្ទេលធំបន្លំដេក។ លោកថា លោកនឹងដឹកនាំចុះធ្វើដោយខ្លួនឯងនៅថ្ងៃណាមួយ៕ តាឡឹម