ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកាំកុងត្រូលសាខាច្រកភ្នំដី ប្រតិកម្មជុំវិញព័ត៌មាន ករណីឃាត់សាច់ជ្រូកខូចគុណភាព នៅច្រកតំបន់ភ្នំដី ស្រុកសំពៅលូន

ចែករំលែក៖

ប៉ោយប៉ែត៖ ការិយាល័យកាំកុងត្រូលប្រចាំច្រកភ្នំដី នៅវេលាម៉ោង២រៀល ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ បានរៀបចំធ្វើសន្និសីទកាសែត ដើម្បីបកស្រាយជុំវិញបញ្ហាទំនាស់មួយ ខណៈសមត្ថ កិច្ចកាំកុងត្រូលចុះត្រួតពិនិ្យ និងឃាត់ទុកសាច់ជ្រូកខូចគុណភាពប្រមាណ៤រយគីឡូក្រាម កាលពី ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលស្ត្រីម្នាក់ឈ្មោះវន្នីបាននាំចូលសាច់ជ្រូកមកពីប្រទេសថៃ ដោយគ្មានការ អនុញ្ញាត នៅចំណុចច្រកតំបន់ភ្នំដី (គីឡូម៉ែត្រ១៣) ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង់ ជាប់ព្រំដែន ថៃ។

លោកស្រី ធុច សាម៉ឺឌី អនុប្រធានការិយាល័យកាំកុងត្រូលច្រកភ្នំដី បានពន្យល់ប្រាប់ភ្នាក់ ងារ សារព័ត៌មានជាច្រើននាក់ ដែលមកពីបណ្តាអង្គភាពផ្សេងៗគ្នា នៅក្នុងសន្និសីទកាសែត នោះ ថា កាលពី ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ មន្ត្រីកាំកុងត្រូល បានត្រួតពិនិត្យការនាំចូល សាច់ជ្រូកមួយរទេះ មានទម្ងន់ប្រមាណ៤០០គីឡូក្រាម។ ក្រោយពេលពិនិត្យ សមត្ថកិច្ចបានរក ឃើញថា សាច់ជ្រូកនោះជាសាច់ខូចគុណភាព និងគ្មានលិខិតអនុញ្ញាតបញ្ជាក់ពីស្ថាប័នណាមួយ នោះទេ។

លោកស្រី បន្តថា បន្ទាប់មកសមត្ថកិច្ច ក៏បានសម្រេចឃាត់ទុក និងតម្រូវឱ្យឈ្នួញដែល ជាម្ចាស់សាច់ជ្រូកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះតទៅទៀត។

លោកស្រី ធុច សាម៉ឺឌី អនុប្រធានការិយាល័យកាំកុងត្រូលច្រកតំបន់ភ្នំដី បានអះអាងថា នៅក្រោយពេលឃាត់សាច់ជ្រូកនេះ ស្រាប់តែម្ចាស់សាច់ជ្រូកនោះបញ្ចេញប្រតិកម្មទាំងទទឹងទិស ដោយមិនព្រមទទួលយកការណែនាំរបស់សមត្ថកិច្ចកាំកុងត្រូលនោះទេ ហើយថែមទាំងដណ្តើម អូសយករទេះដឹកសាច់ជ្រូកនោះ រុញចេញពីដីកម្ពុជាចូលទៅទឹកដីថៃវិញតែម្តង។

សូមបញ្ជាក់នៅថាក្នុងសន្និសីទកាសែតនេះ ដែរ លោកស្រី អនុប្រធានការិយាល័យកាំកុងត្រូល រូប នេះ បានបញ្ជាក់ថា ស្ត្រីជាអ្នកនាំចូលសាច់ជ្រូកខូចគុណភាពពីថៃ ចូលមកកម្ពុជាដែលត្រូវបាន សមត្ថកិច្ចត្រួតពិនិត្យនាពេលនោះ ត្រូវបានគេដឹងថា ជាភរិយារបស់អ្នកសារព័ត៌មានម្នាក់ ហើយ បានប្រើប្រាស់វេទិកាព័ត៌មានបំភ្លៃក្នុងរឿងរ៉ាវខាងលើនេះ ខុសពីការពិតជាក់ស្តែងដែលបានកើតឡើងទាំងស្រុង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចផ្សេងទៀត ដែលប្រចាំការនៅតំបន់ច្រកតំបន់ភ្នំដី បានឱ្យដឹងថា កន្លងមក សមត្ថកិច្ចជំនាញ រួមទាំងកាំកុងត្រូលតែងតែលើកលែងជាច្រើនករណីរួចមកហើយ ចំពោះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាស្ត្រីម្ចាស់សាច់ជ្រូកខូចគុណភាព ដែលបានបង្កបញ្ហាជាមួយសមត្ថកិច្ចនេះជាដើម គឺគាត់ជាអ្នករកស៊ីនាំទំនិញដោយគ្មានការបង់ពន្ធជាច្រើនឆ្នាំមកហើយ ហើយមិនដែលឱ្យ សមត្ថកិច្ចត្រួតពិនិត្យនោះទេ។

ប្រភពបន្តថា ក្នុងអំឡុងពេលដែលមានបញ្ហា គឺជាពេលដែលសមត្ថកិច្ច ជំនាញត្រូវបានណែនាំឱ្យរឹតបណ្តឺងទាំងផ្នែកសន្តិសុខ និងការនាំចូលគ្រប់មុខទំនិញទាំងអស់ មិនថា ជារបស់បុគ្គលណានោះទេ ពិសេសទំនិញខូចគុណភាព ដែលតម្រូវឱ្យបង្ក្រាបតាមច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយ លោកស្រី ធុច សាម៉ឺឌី បានអះអាងថា សាច់ជ្រូក ដែលលោកស្រីបានឃាត់ទុកនោះ ជាសាច់ជ្រូកខូចគុណភាព សមត្ថកិច្ចចាំបាច់ត្រូវមានវិធានការថា ទី១. គឺគ្មានការថែរក្សាវេចខ្ចប់ឲ្យបានត្រឹមត្រូវ មិនបានបង្កកសាច់ក្រោមសូន្យអង្សារ ទី២. គ្មានច្បាប់ អនុញ្ញាតពីមន្រី្តជំនាញប្រទេសទាំងពីរ ។

លោកស្រីក៏បានសំណូមពរផងដែរ ដល់ប្រជាពលរដ្ឋ ដែល រកស៊ីទទួលទានចេញចូលតាមច្រកភ្នំដី(គីឡូ១៣) ត្រូវគោរពច្បាប់នៃការនាំចូល ជាពិសេស សាច់មាន់ សាច់ទា សាច់ជ្រូក ខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ជាអ្នកទទួលទាននៅទូទាំងប្រទេស៕ វណ្ណា


ចែករំលែក៖