ខេត្តកណ្ដាល៖ លោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារមួយឆ្នាំ ករណីចែកចាយគ្រឿងសម្អាងក្លែងក្លាយច្រើនតោន ។
ប្រភពព័ត៌មានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ម៉ៅ លីជុន ភេទប្រុស (MAU LI JUN) ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារក្នុងមណ្ឌលអប់រំកែប្រែខេត្តកណ្តាល តាមដីកាលេខ ៩៧៦ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំម៉ាក និងនាំចូល ដោយចេតនា នូវទំនិញដែលមានម៉ាកក្លែងក្លាយ ប្រព្រឹត្តនៅពីរទីតាំងផ្សេងគ្នាភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា៦៤និងមាត្រា៦៦ ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។
របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ហាញថា ជនល្មើសបានព្យាយាមប្រើប្រាស់មធ្យោបាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដោយសន្យាផ្តល់លាភសក្ការៈជាច្រើនដល់ភ្នាក់ងារមានសមត្ថកិច្ច ដើម្បីបន្ធូរបន្ថយទោស ក៏ប៉ុន្តែគណៈកម្មាធិការ និងសមត្ថកិច្ចចម្រុះបានបដិសេធ និងចាត់វិធានការបន្តតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ៕ ចេស្តា