ភ្នំពេញៈ ដោយអនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការបង្ក្រាបករណី ស្តុក ចែកចាយ សាប៊ូក្លែងបន្លំពាណិជ្ជសញ្ញាម៉ាក និងគ្មានច្បាប់ (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) នៅចំណុចផ្ទះលេខ ០៩Eo ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងឈ្មោះ តៅ ប្រសិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។
សមត្ថិកច្ចបានបញ្ជាក់ថាក្រោយការត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាង រួមមាន សាប៊ូក្លែងបន្លំម៉ាក Viera និង Lavita ចំនួន១៣កេស និងសាប៊ូជាង១០មុខទៀត ដែលសង្ស័យថា គ្មានច្បាប់អនុញ្ញាតជិត ៨០០កេសទៀត សរុបទាំងអស់ជាង ១០តោន ។
ចំពោះវត្ថុតាងទាំងអស់នោះលោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចដកហូតសាប៊ូក្លែងបន្លំម៉ាក Viera និង Lavita ចំនួន១៣កេស យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រៅពីនោះធ្វើការផ្លំបេសៀលទុកក្នុងផ្ទះ រង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយ និងនាំខ្លួនតំណាងម្ចាស់ទីតាំងឈ្មោះ ញឹម ស៊ីណា មកបំភ្លឺនៅ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕តាឡឹម