ខេត្តសៀមរាប៖ បុរសម្នាក់ចុះទៅមើលមងដាក់ត្រី ដែលខ្លួនបានដាក់នៅនឹងស្រែ ក្រោយផ្ទះ ចំងាយ ១៥០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ ទៅច្រូតស្រូវ ប្រទះឃើញ លង់ទឹកស្លាប់ តាមផ្លូវរទេះដែលមានជំរៅទឹកត្រឹមក្បាលជង្គង់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចវាលស្រែក្នុងភូមិតាព្រុំ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់កាសែតនគរវត្តថា មុនពេលកើតហេតុ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍មកថា មានមនុស្សលង់ទឹកស្លាប់ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានរាយការណ៍បន្តទៅ លោក អធិការ ស្រុកជីក្រែង ដើម្បី ចុះមកពិនិត្យ ពេលសមត្ថកិច្ចចុះពិនិត្យ ត្រូវបាន ក្រុមគ្រួសារ ប្រាប់ នៅកន្លែងកើតហេតុថា ជនរងគ្រោះមានឈ្មោះ គង់ ឡាច ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ធ្លាប់កើតជំងឺតេតាណូសប្រចាំកាយ និងធ្លាប់ប្រកាច់ដួលជាញឹកញាប់ផងដែរ។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើដងខ្លួន សាកសពជនរងគ្រោះ កម្លាំងជំនាញបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារជំងឺ តេតាណូស ប្រកាច់ក្នុងទឹកស្លាប់មែន មិនមានករណីឃាតកម្មផ្សេងទេ រួចក៏ប្រគល់សាកសពឲ្យសាចញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាន នៅភូមិឃុំខាងលើ៕ ប៊ុន រិទ្ធី