ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលក់ឱសថនិងអាហារបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតត្រូវសមត្ថកិច្ចចម្រុះបិទជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣៥នាទី កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាប ក្នុងករណីបើកទីតាំងលក់ឱសថ និងអាហារបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ជាលទ្ធផលសមត្ថកិច្ចបានពិនិត្យ និងដកហូតយកវត្ថុតាងគឺ ឱសថបំប៉នសុខភាព០៣មុខ មានចំនួន ៩៨កំប៉ុង ស្មើនិង ២ ៩៤០គ្រាប់ និងគ្រឿងសំអាង ចំនួន៧មុខមានចំនួន៧៦ប្រអប់។

ក្នុងកិច្ចប្រតិបត្តការនេះដែរសមត្ថកិច្ចបានធ្វើកំណត់ហេតុបិទទីតាំងជាបណ្ដោះអាសន្ន និងបាននាំខ្លួនម្ចាស់ឈ្មោះ បឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងក្រុមហ៊ុន រួមទាំងឈ្មោះ អោន រៀម ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកពន្យល់ណែនាំអំពីផលិតផលរបស់ក្រុមហ៊ុនមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំពោះវត្ថុតាងត្រូវបានប្រគល់ទៅឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តដើម្បីដុតកម្ទេចចោល៕ ប៊ុន រិទ្ធី


ចែករំលែក៖