ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពី ៦០ប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ បវរកញ្ញាពិភពលោកជ័យលាភី ឆ្នាំ២០១៦ និងប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពី ៦០ប្រទេស ដើម្បីជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ប៊ែលធី ជាង ៧០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក Van M.Pham ប្រធានគណៈកម្មាធិការបវរកញ្ញាពិភពលោក ព្រមទាំងលោក អឿន រដ្ឋរតនៈ មន្ត្រីការបរទេសនៃ គណៈកម្មាធិការបវរកញ្ញាពិភពលោក។

​លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ បាន​មានប្រសាសន៍ថា ឈ្មោះ ប៊ែលធី (BELTEI) ត្រូវ​បាន​ផ្គុំ​ទ្បើង​ដោយ​ ៦​មុខ​វិជ្ជា​ធំៗ​គឺ ​ BEL​ =​ Business​,​ Economics​,​ Law,​ និង ​TEI​ =​ Tourism​,​ English,​ Information​ of​ Technology។ បច្ចុប្បន្ន ប៊ែលធី គ្រុប មានបុគ្គលិកបម្រើការងារជាង ២, ៥០០នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សាប្រមាណ ៣៧, ០០០នាក់​ និងមានបម្រើសេវា ៣​ធំៗ ដូចជា៖​
១-ប៊ែលធី សំណង់ (BELTEI Construction) មានសេវា ទិ​ញ+លក់ អចលនទ្រព្យនិងសាងសង់អគារផ្សេងៗ។ បច្ចុប្បន្ន កំពុងសាងសង់អគារ ប៊ែលធីទី១៨ (ព្រែកឯង), ប៊ែលធីទី១៩ (ក្រុងកំពង់សោម) និងប៊ែលធីទី២០ (ព្រែកលាប)។

២-ប៊ែលធី ទេសចរណ៍ (BELTEI Tour) មានបម្រើសេវា ៣ធំៗ​៖ ដំណើរកម្សាន្ត​ក្នុងស្រុក​​​ (Domestic Tour Program), កម្មវិធីនាំ​ភ្ញៀវពីប្រទេស​នានាមកទស្សនា​ប្រទេសកម្ពុជា (Inbound Tour Program) និងកម្មវិធីនាំភ្ញៀវពីប្រទេស​កម្ពុជាទៅ ទស្សនា​ក្រៅប្រទេស (Outbound Tour Program)។

៣-ប៊ែលធី អប់រំ (BELTEI Education) ចែកចេញជា ៣ផែ្នកធំៗគឺៈ
✓ សាលា ប៊ែលធី អន្តរជាតិ៖ មាន ២១ទីតាំង និងមានសិស្សកំពុងសិក្សាជាង៣៦,០០០នាក់ ដោយមាន ០៥កម្មវិធីសិក្សាធំៗ៖ ១-ចំណេះទូទៅ ២-ភាសាអង់គ្លេសទូទៅ ៣-វគ្គបណ្តុះបណ្តាលជំនាញឯកទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ។

✓ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន០១ទីតាំង ស្ថិតនៅអគារ២១​ ផ្លូវ៣៦០សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន និងមានមហាវិទ្យាល័យ ៦ធំៗ៖ ១-គ្រប់គ្រងពាណិជ្ជកម្ម ២-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ៣-នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម​ ៤-ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-វិស្វកម្ម និងស្ថាបត្យកម្ម៦-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ។

✓ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ៖ មានបម្រើសេវា ៣សំខាន់ៗ​៖ ១-បញ្ជូនសិស្ស-និស្សិត​ទៅ​​សិក្សាក្រៅប្រទេស​ ២-​កម្ម​​វិធី​​ផ្លាស់​​​ប្តូរ​​និស្សិត ៣-ការធ្វើ​កម្មសិក្សា​នៅ​ក្រៅ​ប្រទេស​​។

​លោក អឿន រដ្ឋរតនៈ មន្ត្រីការបរទេសរបស់គណៈកម្មាធិការបវរកញ្ញាពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនេះ។ ជាពិសេស សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម បានឧបត្ថម្ភទាំងថវិកា និងរថយន្តដ៏ទំនើបរបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ ជាមួយនឹងសេវាកម្មដ៏ល្អពេញចិត្ត។

លោកបានឲ្យដឹងផងដែរថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ បានចូលរួមដាំដើមឈើចំនួន ១០,០០០ដើម នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជានិម្មិតរូបនៃការចូលរួមថែរក្សាបរិស្ថាន និងបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជារួមមាន៖ ប្រាសាទអង្គរវត្តនៃខេត្តសៀមរាប ប្រាសាទសំបូរព្រៃគុកនៃខេត្តកំពង់ធំ ទីក្រុងកំពង់សោម រមណីដ្ឋានឋានសួគ៌បូកគោ និងតំបន់ផ្សេងៗជាច្រើនទឿត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃបរិស្ថាន និងវិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក លី ឆេង បានថ្លែងអំណរចំពោះ គណៈកម្មាធិការរៀបចំកម្មវិធី Miss Global និងបវរកញ្ញាពិភពលោកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនេះ។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពិតជាមានកិត្តិយសដោយបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់បវរកញ្ញាពិភពលោកទាំង ៦០ប្រទេស ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស-និស្សិតប៊ែលធី ដើម្បីចែករំលែក វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងបទពិសោធន៍ ជាពិសេស ផ្សព្វផ្សាយពីគុណតម្លៃនៃបរិស្ថាន និងបំផុសចលនាចូលរួមកិច្ចគាំពារបរិស្ថាននៅកម្ពុជា។

លោក ក៏បានបន្ថែមផងដែរថា នេះជាកិត្តិយស និងជាមោទនភាពរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតប្រជែងបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ នេះ ដោយអាចផ្សព្វផ្សាយឲ្យពិភពលោក​ បានស្គាល់ និងមើលឃើញកាន់តែច្បាស់ពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាទីបញ្ចប់ លោក បានប្រគល់វត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាជូនដល់បវរកញ្ញាពិភពលោក និងបានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នានាពេលនោះផងដែរ៕​ស​រស្មី


ចែករំលែក៖