ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្ត២គ្រឿង បុកគ្នាបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យ រងការខូចខាតទាំងសងខាង តែសំណាងគ្មានអ្នករបួស នាវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ស្ថិតក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
តាមប្រភពព័ត៌មានពីមន្រិ្តនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5043 បើកបរដោយឈ្មោះ ចុន ដាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត និងរថយន្តមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ប្រផែះ ពាក់ស្លាកលេខ តាកែវ 2A-2052 បើកបរដោយឈ្មោះ ញ៉ែម ប៊ុនណារឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាមន្ត្រីគយ មានទីលំនៅឃុំព្រៃខូង ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពដដែលបានបន្តថា ករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពីរថយន្តកាមរីបាឡែនបើកឆ្លងចូលគំនូស ទើបបណ្តាលឲ្យជ្រុលទៅបុករថយន្តឡង់គ្រីស័រ រងការខូចខាតទាំងសងខាងតែម្តង តែសំណាងភាគីទាំងសងខាងមិនមានអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរស្រុកឈូកបានទៅដល់ វាស់វែង និងអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ សហការី