ភ្នំពេញ៖ ទីតាំងណេត២៤ម៉ោងគឺជាចំណុចក្តៅ ដែលលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ទុកថាវាជារឿងដដែលៗហើយក៏បានតម្រូវឲ្យការិយាល័យវប្បធម៌ខណ្ឌ ធ្វើយ៉ាងណាចុះត្រួតពិនិត្យឲ្យបានជាក់លាក់ស្តីពីការបើកអ៊ិនធើណេត២៤ម៉ោងនេះ។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានលើកឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកាថា ចុះប្រមូលទីតាំងណេត២៤ម៉ោង នៅក្នុងមូលទាំងអស់ឲ្យបានត្រឹមត្រូវ ដូចជាឯកសារពាក់ព័ន្ធ មានច្បាប់អនុញ្ញាត ហួសសុពលភាព ម្ចាស់ទីតាំងឈ្មោះអី ផ្ទះលេខ ភូមិ សង្កាត់ បើម្ចាស់ទីតាំងនោះជួលគេត្រូវមានឈ្មោះអ្នកជួល ណេត២៤ម៉ោងបើកយ៉ាងម៉េច? ក្រៅពីបើកណេតលក់អ្វីទៀត។ លោកថា លោកនឹងចុះត្រួតពិនិត្យដោយខ្លួនឯង។
ពាក់ព័ន្ធករណីសណ្តាប់ធ្នាប់លោកអភិបាលខណ្ឌមានជ័យ ក៏បានសង្កត់ធ្ងន់ថា នៅផ្លូវសឡាដែលពីមុនតូបលក់សម្លៀកសំពាក់មានតែ៣ទៅ៤តូបតែប៉ុណ្ណោះ តែសព្វថ្ងៃនេះ តូបលក់សម្លៀកបំពាក់សង្កេតឃើញថា មានចំនួនតូបកើនឡើងច្រើនគួរឲ្យកត់សម្គាល់។
លោកថា បញ្ហានេះលោកអាចនឹងស្នើសុំដកតំណែងមេប៉ុសិ៍្ត ឬលោកចៅសង្កាត់បាន នេះប្រសិនបើនៅតែបណ្តែតបណ្តោយឲ្យមានការដាក់លក់ដូរបែបអាណាធិបតេយ្យ ។ កុំភ្លេចថាយើងជាប់ឆ្នោតដោយការដែលពលរដ្ឋបោះឆ្នោតឲ្យអស់លោក តែលោកជាចៅសង្កាត់ហើយ អសកម្ម យើងអាចស្នើដកតំណែងលោកបាន។
លោកអភិបាលខណ្ឌបញ្ជាក់បន្ថែមថា ចំពោះបញ្ហាទីតាំងណេត២៤ម៉ោងនេះ យើងចុះណែនាំគាត់ឲ្យរើចេញ តាមការស្នើសុំរបស់ពលរដ្ឋរំខាន ហើយបើគាត់មិនរើចេញទេនោះ យើងមិនចាំបាច់ណែនាំគាត់ដល់ទៅ៣ដងទេ ត្រឹមតែ២ដងបានហើយយើងចុះចាប់រើរបស់របរពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធ បើកម្ទេចចោលបាននៅនឹងកន្លែងក៏កម្ទេចចោលទៅ មិនចាំបាច់យកមកសាលាខណ្ឌទេ ព្រោះកុំឲ្យមានពាក្យយកតែរបស់អេតចាយមកកិនចោលគ្រាន់តែជាលេស។
ក្នុងនោះផងដែរដើម្បីអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាព ឲ្យទទួលបានប្រសិទ្ធិភាពខ្ពស់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏ណែនាំដល់មន្ត្រីពាក់ព័ន្ធ ចៅសង្កាត់ នាយនគរបាលប៉ុសិ៍្តរដ្ឋបាលនាំយកនូវសេចក្តីជូនដំណឹងជម្រាបជូនដល់ម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល អង្គការ សមាគម នៅក្នុងមូលដ្ឋានរបស់ខ្លួនកត់ឈ្មោះភ្ញៀវចូលស្នាក់នៅក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ។ ដោយគិតចាប់អនុវត្តពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ៕ តាឡឹម