ខេត្តឧត្តរមានជ័យ៖ ប្រពន្ធ និងកូនប្រុសរបស់មេឃាតកស៊ីឈ្នួលសម្លាប់មនុស្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកអន្លង់ដឹកនាំដោយលោក វរៈសេនីយ៍ឯក ងួន ទ្ធិរិទ្ធ មេបញ្ជាការមូលដ្ឋានស្រុកអន្លង់វែង បានចុះឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងលំនៅឋាន របស់ជនល្មើស ក្នុងភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរៈសេនីយ៍ឯក ងួន ទ្ធិរិទ្ធ បានឲ្យដឹងថា ការចុះឃាត់ខ្លួនប្រពន្ធ និងកូនប្រុសរបស់មេឃាតកស៊ីឈ្នួលសម្លាប់មនុស្ស ឈ្មោះ ហ៊ាប ធី អាយុ៤៨ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារមូលហេតុ ប្រពន្ធ និងកូនប្រុសជនសង្ស័យខាងលើ មិនបានសហការជាមួយសមត្ថកិច្ច បែរជាមានការសហការសម្ងាត់ជាមួយជនល្មើសត្រូវជាប្ដី និងឪពុកដោយបានយកគ្រប់បែកពីរគ្រាប់ពីផ្ទះរបស់ខ្លួន ជិះម៉ូតូយកទៅឲ្យជនល្មើសបោកមកលើក្រុមសមត្ថកិច្ច ដើម្បីរំដោះខ្លួនរត់ចូលព្រៃបានមួយគ្រា ដែលបណ្ដាលឲ្យសមត្ថកិច្ចរងរបួស កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
ជនសង្សយ័ជាប្រពន្ធឈ្មោះ អ៊ាន ឡៃ អាយុ៤៥ឆ្នាំ មុខរបលក់បន្លែ និងកូនប្រុសឈ្មោះ វុន លាង អាយុ២១ឆ្នាំ។ ជនសង្សយ័ពីរនាក់ម្ដាយកូនត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចោទប្រកាន់ចំនួនពីរករណី គឺលាក់ទុកអាវុធខុសច្បាប់ និងប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន៕ ប៉ែន នួន