ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកស្ទឹងហាវបន្តបើកដៃឲ្យលោក ឈឹម ហួរ និងក្រុមហ៊ុនណាវ៉ារ៉ាត់ខេមបូឌែខូអិលធីឌី ចាក់ដីលុបអូរធម្មជាតិពង្រីកដីកម្មសិទ្ធរបស់ខ្លួន បន្ទាប់ពីការិយាល័យជំនាញឆ្លើយថាមិនដឹង

ចែករំលែក៖

 

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ បានឲ្យដឹងថា បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគបរទេសជាច្រើនក្រុមហ៊ុន បានមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុថ្មីៗនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យ ដីធ្លីមានហាងឆេងងើបឡើងវិញ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ព្រមជាមួយគ្នានេះផងដែរករណី ជម្លោះដីធ្លី ករណីរំលោភយកអចលនទ្រព្យរបស់រដ្ឋនៅស្រុកស្ទឹងហាវក៍បាននិងកំពុងតែកើនឡើងជាបណ្តើរៗ ។ ជាក់ស្តែងនាពេលថ្មីៗនេះ លោកឈឹម ហួរ ដែលអះអាងថា ជាម្ចាស់ក្បាលដី ដែលមានព្រំប្រទល់ជាប់នឹងអូរធម្មជាតិមួយកន្លែងនៅចំណុចចំការម្រេច ស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដែលបានជួលដីនេះឲ្យទៅក្រុមហ៊ុនណាវ៉ារ៉ាត់ខេមបូឌាខូអិលធីឌី បានឃុបឃិតគ្នាជាមួយអាជ្ញាធរឃុំអូរត្រេះ និងអាជ្ញាធរ បើកដៃឲ្យក្រុមហ៊ុនខាងលើដឹកដីមកចាក់លុបយកអូរធម្មជាតិ រហូតមកដល់សព្វថ្ងៃ ដោយមិនមិនមានការទប់ស្កាត់ពីសំណាក់ការិយាល័យរៀបចំដែនដីនិងភូមិបាល និងអាជ្ញាធរស្រុកខាងលើនេះទេ។ សកម្មភាពខាងលើត្រូវបានអ្នកដែលបានឃើញ បានដាក់ការសង្ស័យថា ជាការឃុបឃិតជាប្រព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រីកទីតាំងដីរបស់លោក ឈឹម ហួរ សម្រាប់បម្រើការងារឲ្យក្រុមហ៊ុនដែលបានជួលពីលោកឈឹម ហួរ ។

សកម្មភាពខាងលើនេះដែរត្រូវបានអ្នកច្បាប់លើកឡើងថា នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អូរ ស្ទឹង បឹងបួ ។ល។ ជាអចលនទ្រព្យរបស់រដ្ឋមិនមានបុគ្គលណាម្នាក់ទៅរំលោភយកធ្វើជាកម្មសិទ្ធិឯកជនបានទេ។ ដូច្នេះរាល់សកម្មភាពលោក ឈឹម ហួ ខាងលើកំពុងតែលេងល្បែងកន្ទេលធំបន្លំដេក និងត្រីងៀតឆ្លៀតពងជាមួយមន្ត្រីជំនាញនិងអាជ្ញាធរខាងលើនេះហើយ។

គួររំលឹកថា តំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុមហ៊ុនខ្លួនបានជួលដីពីលោក ឈឹម ហួរក្នុងរយ:ពេល២០ខែ ក្នុងមួយខែតម្លៃ៥០០ដុល្លារអាមេរិកសម្រាប់ផ្ទុកដីដែលដឹកចេញពីការដ្ឋានធ្យូងថ្ម ហើយបញ្ហាច្បាប់អនុញ្ញតនានាជាបន្ទុករបស់ម្ចាស់ដីដែលមាននៅក្នុងកិច្ចសន្យាចុះហត្ថលេខារវាងក្រុមហ៊ុននិងម្ចាស់ដីប្រសិនបើក្រុមហ៊ុនមិនអាចដំណើរការបានម្ចាស់ដីត្រូវតែអនុវត្តទៅតាមច្បាប់ដែលមានក្នុងកិច្ចសន្យាដែលចុះហត្ថលេខាតែប៉ុណ្ណោះ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ថា សុំទោសលោកជាប់រវល់បេសកម្ម ហើយបានផ្ទេរសិទ្ធិឲ្យលោក ស៊ុន ពិសី អភិបាលរង ជាអភិបាលស្តីទីវិញ។ ដូច្នេះរាល់កិច្ចការទាំងឡាយសូមទាក់ទងលោកអភិបាលស្តីទីជុំវិញបញ្ហាខាងលើចុះ។

លោក ស៊ុន ពិសីអភិបាលស្តីទីស្រុកស្ទឹងហាវ ដែលចុះទៅបញ្ឈប់សកម្មភាពរថយន្តដឹកដីចាក់លុបអូរធម្មជាតិនៅទីតាំងខាងលើនាពេលកន្លងមកបានឲ្យដឹងឡើងវិញក្នុងន័យមិនមានភាពទទួលខុសត្រូវថា ការបើកការដ្ឋានចាក់ដីមិនទាន់មានច្បាប់បើកការដ្ឋាននិងបានតម្រូវឲ្យក្រុមហ៊ុនខាងលើទៅសុំច្បាប់ជាមុនសិននិងតម្រូវឲ្យមន្ត្រីការិយាល័យរៀបចំដែនដីភូមិបាលស្រុកចុះទៅបោះបង្គោលកំណត់គម្លាតពីចំណីអូរឲ្យបានត្រឹមត្រូវ ទើបក្រុមហ៊ុនខាងលើអាចបន្តសកម្មភាពនៅក្នុងការដ្ឋានបាន។ ម៉្យាងវិញទៀតលោកអភិបាលស្តីទីបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុននៅតែបន្តចាក់ដីលុបលើអូរនោះត្រង់ថា អូរនេះមានលក្ខណ:ប៉ាចហាចដោយហេតុថាម្ចាស់ដីមានប្លង់កម្មសិទ្ធិស្របច្បាប់ ។

មតិអ្នកច្បាប់ខាងលើបានឲ្យដឹងថា នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានចែងថា អូរ បឹងបួ ទន្លេ សមុទ្រ។ល។ មិនមានបុគ្គលណាម្នាក់យកទៅធ្វើជាកម្មសិទ្ធិបាន ហើយបើលោកឈឹម ហួរ មានបណ្ណសម្គាល់កម្មសិទ្ធិ របស់លោកនៅក្នុងអូរធម្មជាតិ គឺជាករណីឃុបឃិត មានលក្ខណ:ជាប្រព័ន្ធរបស់អាជ្ញាធរ ការិយាល័យរៀបចំដែនដី ភូមិបាលស្រុកខាងលើ ក្នុងការចេញបណ្ណសម្គាល់អចលនវត្ថុនៅចំណុចខាងលើទៅឲ្យលោក ឈឹម ហួរ ក៏ដូចជាការអនុញ្ញាតច្បាប់ឲ្យលោក ឈឹម ហួរ និងក្រុមហ៊ុនចាក់ដីលុបអូរធម្មជាតិនៅពេលនេះដែរ។

មតិខាងលើបានបន្ថែមថា ការិយាល័យរៀបចំដែនដី ភូមិបាល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គឺជាអ្នកបន្ទុកមួយដ៏ធំក្នុងការរៀបចំរាល់ហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំទីក្រុង ឲ្យមានបានសោភ័ណភាព និងបញ្ជៀសបានរាល់ហានិភ័យនានាដែលកើតឡើងជាយថាហេតុ។ ផ្ទុយទៅវិញ បើមន្ត្រីជុំនាញខាងលើទៅបម្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ ពាក្យពាក្យថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្រូវក្លាយទៅជា (មន្ទីររៀបចំដែនដីរងកម្ម ) ហើយពេលនោះ សម្រាប់កូនចៅជំនាន់ក្រោយ។

ដោយឡែកលោក សម្រិត កុសល្យ ប្រធានការិយាល័យរៀបចំដែនដី និងភូមិបាល ស្រុកស្ទឹងហាវលោកបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជុំវិញបញ្ហារខាងលើនេះលោកមិនបានដឹងទេ។ ការអះអាងនេះផ្ទុយទៅនឹងការអះអាងរបស់លោក ឈឹម ហួរ និងអាជ្ជាធរស្រុកថា បានឲ្យមន្ត្រីជំនាញចុះទៅបោះបង្គោលកំណត់ព្រំគម្លាតចំណីអូររួចហើយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖