ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរភ្លាមៗ បន្ទាប់រូបគេខូចចិត្តនឹងសង្សាររៀបការចោល បានទិញសាំងមកចាក់ដុតខ្លួនឯងរងរបួសធ្ងន់ ។
ករណីចាក់សាំងដុតខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិសំបូរមាសខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
បុរសរងគ្រោះឈ្មោះ ហ៊ាង សំអូន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីបុរសរងគ្រោះចាក់សាំងដុតខ្លួនឯងខាងលើនេះ គឺដោយសារតែរូបគេបានខឹងនិងសង្សាររបស់ខ្លួនបានទៅរៀបការជាមួយអ្នកថ្មី ហើយរូបគេបានពិបាកចិត្តពេកក៏ទិញសាំងមកដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យរលាកពេញខ្លួន ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរដើម្បីសង្គ្រោះជីវិត ៕ សហការី