ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យមន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ:នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកហ្គាន់ណា វីហ្គាន់(Gunnar Wiegand) ជានាយយកគ្រប់គ្រងប្រចាំតំបន់អាសុីប៉ាសុីហ្វិក នៃសេវាកម្មខាងក្រៅរបស់សហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបសម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ និងរីករាយទទួលពិភាក្សាការងារជាមួយលោក Gunnar Wiegand និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការផ្តល់នៅកិច្ចសហការយ៉ាងល្អប្រសើរ ក៏ដូចជាជម្រុញនិងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបនាពេលកន្លងមក។

លោក Gunnar Wiegand បានលើកឡើងអំពីទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងរយៈពេលកន្លងមក ហើយសហភាពអឺរ៉ុបក៏បានគាំទ្រដល់កម្ពុជាក្នុងតំណើរការអភិវឌ្ឍន៍ទៅលើវិស័យជាច្រើនក្នុងនោះដែរក៏មានពាក់ព័ន្ធនិងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ សហភាពអឺរ៉ុបបានជួយដល់ការងារគាំទ្រកំណែទម្រង់វិម្ឈិការ ដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ និងភាពជាម្ចាស់នៅថ្នាក់ក្រោមជាតិ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណទៅដល់ការជួយគាំទ្ររបស់សហភាពអឺរ៉ុបមកដល់កម្ពុជាចាប់តាំងពីដំណើរការកសាងសន្តិភាព ការបញ្ចប់សង្គ្រាម និងបន្តដល់ដំណើរការអភិវឌ្ឍន៍របស់កម្ពុជានៅពេលបច្ចុប្បន្ននេះ។

លោក Gunnar Wiegand ក៏បានលើកឡើងអំពីដំណើរការវិវត្តន៍នូវស្ថានភាពនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយស្នើសុំយោបល់ផ្សេងៗពីសម្តេចក្រឡាហោម ពីដំណើរការពាក់ព័ន្ធនឹងស្ថានភាពនយោបាយ។ ជាការឆ្លើយតបសម្តេចក្រឡាហោមស ខេង បានជម្រាបជូនលោក ថា អ្វីៗដែលកើតមានឡើងនៅពេលនេះគឺក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលគ្រាន់តែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ ជាពិសេសក្រសួងមហាផ្ទៃគឺជាស្ថាប័នដែលអនុវត្តន៍ច្បាប់ ដូច្នេះអ្វីដែលក្រសួងមហាផ្ទៃបានធ្វើគឺស្របទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួននឹងអនុវត្តន៍ទៅតាមច្បាប់តែប៉ុណ្ណោះ ហើយសម្តេចក្រឡាហោម ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងមិនងាករ៉េ និងបន្តប្រកាន់យកនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះអីនេះគឺជាដំណើរការផ្លូវតែមួយគត់ ដែលនាំកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍តទៅអនាគត ៕ស តារា


ចែករំលែក៖