ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃពុំបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២និង១០នាទីរសៀល កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃពុំបានសម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៨B ផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះទី១-ឈ្មោះ អ៊ុយ វាសនា ហៅ ស្នា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៨៤ ផ្លូវ លេខ៥៩៨ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទី២-ឈ្មោះ ដាំ សុក្រកក្កដា ហៅ កា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៦៨Eo បូរីពិភពថ្មីសែនសុខ ផ្លូវលេខបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក HondaC125 ស៊េរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-5516 ដែលមានលេខតួ និងលេខម៉ាសុីន: 9818399 ចាប់យកពីឈ្មោះ អ៊ុយ វាសនា ហៅ ស្នា ជាម៉ូតូជិះធ្វើសកម្មភាព ។​ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ប្រុសម្នាក់ជាអ្នកបើក ម៉ូតូនិងស្រីជិះខាងក្រោយ អាយុ ប្រហែល២០ឆ្នាំ ជនជាតិខ្មែរ កាន់ទូរស័ព្ទដៃម៉ាក I phone 6 ពណ៌ខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave A ពណ៌ខ្មៅ ក្រោយកើតហេតុបានចេញទៅបាត់ ពុំបាន ដាក់ពាក្យបណ្ដឹង ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ ប្រុសជាអ្នកបើកម៉ូតូ និងស្រី ជិះខាងក្រោយអាយុប្រហែល ២០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave A ពណ៌ខ្មៅ បានឌុបគ្នាតាមបណ្ដោយផ្លូវ លេខ៣១៧ ពីត្បូងទៅជើង លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ២៨B ផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ ដាំ សុក្រកក្កដា ហៅ កា និង ឈ្មោះ អ៊ុយ វាសនា ហៅ ស្នា បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-5516 ជិះមកស្របទិសគ្នាមកអែបខាងឆ្វេងដៃជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ អ៊ុយ វាសនា ហៅ ស្នា ជាអ្នកជិះខាងក្រោយបានធ្វើសកម្មភាពប៉ុនប៉ងឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះជាមនុស្សស្រីដែលកាន់ទូរស័ព្ទបានឃើញទាន់ ក៏ស្រែកថាចោរៗ ភ្លាមនោះជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឃើញសកម្មភាព ក៏ជិះម៉ូតូដេញតាមពីក្រោយ ពេលមកដល់ផ្លូវ លេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ បញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ចំណែកជនរងគ្រោះក្រោយកើតហេតុបានជិះម៉ូតូចេញទៅបាត់ដោយពុំបានដាក់ពាក្យបណ្ដឹងទេ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវ ៕ស តារា


ចែករំលែក៖