ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានត្រីធំអរពេកភ្លេចខ្លួនបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ទៅឆក់ត្រីក្នុងបឹងបានត្រីធំអរពេកភ្លេចខ្លួន បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយការាស់ជួសជុលរថយន្តមួយកន្លែងក្បែរមាត់បឹងភេ ក្នុងភូមិកំពង់ក្របៅ សង្ក្តាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ទោ បួ ពិសី មេប៉ុស្តិកំពង់ក្របៅ បានឲ្យ ដឹងថា ជនរងគ្រោះឈ្មោះ សូ សុភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានមុខរបរ ជាមេជាងជួសជុលរថយន្ត បច្ចុប្បន្នមកស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្តក្នុងភូមិ ឃុំកើតហេតុខាងលើអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងតែងតែរាយខ្សែលួសចូលទៅក្នុងទឹកបឹងឆក់ត្រីជាច្រើនលើកច្រើនសារហើយ តែចៃដន្យ នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់តែម្ដង ដោយសារតែខ្វះការប្រុងប្រយ័ត្ន។

លោកអនុសេនីយ៍ឯក វ៉ាន់ វិបុល អធិការរងនគរបាលក្រុងស្ទឹងសែនបានបញ្ជាក់ថា បើយោងតាមការចុះអង្កេតរបស់លោក ជនរងគ្រោះ ឈ្មោះ សូ សុភា តែងតែដាក់ខ្សែភ្លើងឆក់ត្រីនៅចំណុចខាងលើច្រើនលើកច្រើនសារមកហើយៗ ឆក់ម្តងៗបានត្រីច្រើនទៀតផង រួចតែងយកត្រីដែលឆក់បានមួយចំនួនយកទៅជូនម្ចាស់យានដ្ឋានជួសជុលរថយន្ត ហើយត្រូវបានម្ចាស់យានដ្ឋានប្រដៅជារើយៗឲ្យឈប់ឆក់ត្រីទៅពីព្រោះវាជាអំពើខុសច្បាប់ នោះប្រយ័ត្ន ឆក់ស្លាប់ខ្លួនឯងណា ។ តែជនរងគ្រោះមិនស្តាប់ ហើយជនរងគ្រោះឆក់ត្រីនេះគឺធ្វើតែម្នាក់ឯងប៉ុណ្ណោះ។

ជាក់ស្តែងព្រឹកថ្ងៃកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះ យកខ្សែលួសអត់ស្រោមទៅរាយក្នុងទឹកបឹងរួច នៅពេលត្រីផុស រូបគេក៏ដោតឌុយភ្លាម ខណៈឃើញត្រីឆក់ប្រកាច់ ក៏ស្ទុះទៅចាប់ត្រីខ្លួនឯងដោយភ្លេចដកឌុយភ្លើងចេញពីព្រី ក៏បណ្តាលឲ្យឆក់ស្លាប់ទាំងព្រឹក បន្ទាប់ពីធ្វើកោសល្យវិច័យ រួចក៏ប្រគល់សាកសពឲ្សសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖