ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម៉ូតូគេអត់ដកសោឆ្លៀតឱកាសលួចជិះបាន៥០ម៉ែត្រត្រូវម្ចាស់ឃើញទាន់ភ័យប្ដួលម៉ូតូរត់គេចខ្លួនត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ លួច ( លួចម៉ូតូ )កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨Z ផ្លូវ លេខ៣៣៦Z ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនបាន៥០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោ ភា្លមនោះជនសង្ស័យភ័យប្ដួលម៉ូតូរត់គេចខ្លួន ត្រូវសមត្ថកិច្ចនៅក្បែរនោះអន្តរគមន៍ចាប់ក្របួចជាប់តែម្តង ។

ជនសង្ស័យឈ្មោះ ជុំ សុភ័ក្រ្តា ហៅ ត្រា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ លេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CR-5662 ដែលមានលេខតួ : 5324707 និងលេខម៉ាសុីន: 0324707 ( ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពលួច ) , ទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ស៊េរី1202 ពណ៌ខ្មៅ ប្រើសុីមលេខ 0965984407 ជារបស់ជនសង្ស័យ ។

ជនរងគ្រោះ ឈ្មោះ ហៃ ឡេងគាង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៨Z ផ្លូវ លេខ៣៣៦Z ក្រុម ទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន យកម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-5662 មកចតទុកនៅខាងមុខផ្ទះដោយពុំបានដកកូនសោម៉ូតូចេញទេ រួចជនរងគ្រោះរវល់លក់ចាប់ហួយនៅក្នុងផ្ទះខ្លួន រហូតដល់ម៉ោងប្រហែល ៧:៤០នាទីព្រឹក ស្រាប់តែមានជនសង្ស័យឈ្មោះ ជុំ សុភ័ក្រ្តា ហៅ ត្រា បានដើរមកធ្វើសកម្មភាពលួច យកម៉ូតូរបស់ជនរងគ្រោះ រួចជិះចេញគេចខ្លួនបានប្រហែល៥០ម៉ែត្រ ភ្លាមនោះជនរងគ្រោះបានឃើញទាន់ក៏ស្រែកថាចោរៗ ហើយរត់ដេញតាមជនសង្ស័យ ពេលនោះផ្លូវកកស្ទុះចររាចរណ៌ ជនសង្ស័យឈ្មោះ ជុំ សុភ័ក្រ្តា បានប្ដួលម៉ូតូចោលហើយរត់គេចខ្លួនក៏ត្រូវជនរងគ្រោះ និងមានការអន្តរាគមន៍ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ផ្សារដើមគរ ឃាត់ខ្លួនជនសង្ស័យខាងលើ និងចាប់យកវត្ថុតាងម៉ូតូ ជនរងគ្រោះយកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្ន ម៉ូតូម៉ាក Honda Scoopy ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-5662 ជាម៉ូតូជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាព លួច យើងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក ប៊ុន វង្សវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖