ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានធ្វើឲ្យជនសង្ស័យដែលសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន លួចរត់គេចខ្លួនបាត់ម្នាក់នៅក្នុងខណ្ឌមានជ័យ ពេលដែលកំពុងនាំខ្លួនទៅដាក់ពន្ធនាគារព្រៃស ។ ហេតុការណ៍ដែលសមត្ថកិច្ចដឹកជនសង្ស័យដែលលួចរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលលួចរត់នោះមានឈ្មោះ តុប វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញឃុំខ្លួនសមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនទៅពន្ធនាគារព្រៃស ស្រាប់តែជិះមកដល់ផ្លូវ២៧១ ត្រង់ចំណុចស្ពានដែក ជនសង្ស័យបានលួចរត់ពីលើឡានគេចខ្លួនបាត់ម្នាក់ទាំងដៃជាប់ខ្នោះម្ខាង រត់ចូលក្នុងព្រៃបាត់សម្រោលតែម្ដង ។ នៅក្នុងករណីជនសង្ស័យលួចរត់ពីលើឡានគេចខ្លួននេះមកពីការធ្វេសប្រហែសរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ពីទីតាំងផ្សេងគ្នា បន្ទាប់ពីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះ ឃើញជនសង្ស័យម្នាក់ដោយមានការសង្ស័យក៏ឃាត់ខ្លួន និង ឆែកឃើញ ម្សៅក្រាមសថ្លា ចំនួនមួយកញ្ចប់ និង ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១០ ពាក់ស្លាកលេខ ក្រចេះ 1A-2978 រហូតដល់ម៉ោង២១និង៥០នាទី ថ្ងៃដដែលកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ទៀត នៅចំណុចដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀនមួយកញ្ចប់ទូរសព្ទ័ដៃ ចំនួន០២គ្រឿង, ទុយយោជ័រមួយចំនួនធំ, ដែកកេះ២ និង ក្រដាស់អាលុយមីញ៉ូម២សន្លឹក ៕ ភារ៉ា ដង្កោ