ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកបាទី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួន តាមដីកាបង្គាប់ចាប់ខ្លួន ក្នុងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលហេតុការណ៍បង្រ្កាបនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង១៥ នាទីព្រឹក នៅចំណុចភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
សមត្ថកិច្ចស្រុកបាទីបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ជា ដារ៉ា ហៅ ឡាដា ឫរ៉ាដា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិ ឃុំខាងលើមានមុខរបរជាបុគ្គលិកធនាគារឯកជន (ភ្នំពេញ) ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៩/០១៧ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ ឡុង សិកា ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញ កសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា